បើ​សិន​ជា​អ្នក​នឹង​រំពឹង​គិត​ពី​រូប​រាង​របស់​រថយន្ត​ក្នុង​ថ្ងៃ​អនាគត​ថា​វា​នឹង​មាន​រូប​រាង​បែប​ណា ផ្លាស់​ប្ដូរ​យ៉ាង​ណា​នោះ​ អ្នក​នឹង​មិន​ចាំ​បាច់​រំពឹង​ខ្ពស់​ពេក​នោះ​ទេ។​នៅ​ពេល​អនាគត​រថយន្ត​នឹង​នៅ​តែ​មាន​រូប​រាង​ដូច​តែ​ពេល​នេះ​ដូច្នេះ​ដែរ ចំណុច​ដែល​មានការ​ផ្លាស់​ប្ដូរ​នោះ​គឺ​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​លើ​វា​តែ​ប៉ុណ្ណោះ​ តែ​វា​ក៏​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​តិច​តួច​នោះ​ដែរ។​

តាមរយៈ​​ព្រឹត្តិការ​បច្ចេកវិទ្យា​ជាក់​ស្ដែងCESដែល​ទើប​តែ​បញ្ចប់​នេះ​ធ្វើ​អោយ​គេ​សម្លឹង​ឃើញ​ពី​រថយន្ត​នៅ​ពេល​ ពីរ​បី​ឆ្នាំ​ខាង​មុខ​នេះ​។​ជា​ឧទាហរណ៍​ក្រុមហ៊ុន​រថយន្ត​ហុង​ដា​បាន​ប្រកាស​ពី​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​លើ​មុខ​ងារ​បង់​ថ្លៃ​ ដែល​ម្ចាស់​រថយន្ត​អាច​នឹង​ទូទាត់​ថ្លៃ​ចំណត​រថយន្ត ថ្លៃ​ប្រេងសាំង​តាមរយៈ​មុខ​ងារ​ដែល​មាន​បំពាក់​លើ​រថយន្ត​ស្រាប់​ដែល​វា​មាន​ដំណើរ​ការ​ដូច​គ្នា​ទៅ​នឹង​Apple PayឬGoogle Pay អញ្ចឹង​ដែរ។

ចំណុច​មួយ​ផ្សេង​ទៀត​គឺ​មុខ​ងារ​ឆ្លាតវៃ​(Assistant)​អ្នក​ប្រហែល​ជា​នឹក​គិត​ដល់​Siriឬ​Cortana។​ក្រុមហ៊ុន​Ford, Nissanនិង​BWMសុទ្ធ​តែ​បាន​អះអាង​ពី​គម្រោង​ដែល​នឹង​បំពាក់​មុខ​ងារ​បញ្ជា​ដោយ​សម្លេង​នៅ​លើ​រថយន្ត​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​លោក​អ្នក​ដែល​កំពុង​បញ្ជា​យានយន្ត។​ងាក​មក​ចាប់​អារម្មណ៍​ក្រុមហ៊ុន​Hyundai វិញ​ម្ដង។​ក្រុម​ហ៊ុន​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ​​ ថា​ខ្លួន​នឹង​បំពាក់​សេនស័រ​ដែល​អាច​សង្កេត​មើល​ពី​លក្ខណៈ​របស់​អ្នក​បើក​បរ។​

ហើយ​មុខ​ងារ​ដ៏​ឆ្លាត​វៃ​មួយ​នឹង​អនុញ្ញាត​អោយ​ដឹង​ថា​អ្នក​បើក​បរ​មាន​សភាព​ងងុយ​គេង​ឬ​មាន​បញ្ហា​ទាក់​ទង​នឹង​សុខភាព​ដូច​ជា​គាំង​បេះដូង​ជា​ដើម​ដែល​មុខ​ងារ​នេះ​នឹង​ជួយ​ការ​បន្ថយ​គ្រោះ​ថ្នាក់​ផង​ដែរ។មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​នឹង​កំពុង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ដោយ​ស្វ័យប្រវត្តិ​ប្រសិន​បើ​គេ​ដឹង​ថា​អ្នក​បើក​បរ​កំពុង​ស្ថិត​ក្នុង​សភាព​បែប​ណា។​ឧទាហរណ៍​ បើ​សិន​ជា​អ្នក​បញ្ជា​យានយន្ត​ស្ថិត​ក្នុង​សភាព​ងងុយគេង​សេនស័រ​នឹង​បង្កើត​បរិយាកាស​ក្នុង​រថយន្ត​​ដើម្បី​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ស្វាង​វិញ​បាន​ភ្លាម​ៗ​។

អ្នក​អាច​ថា​វា​នឹង​មិន​មាន​អ្វី​អស្ចារ្យ​ឡើយ​សម្រាប់​បច្ចេកវិទ្យា​នេះ​ ដោយ​សារ​តែ​វា​មាន​នៅ​លើ​ស្មាតហ្វូន​រួច​រាល់​ហើយ​​ដូច្នេះ​វា​ពិត​ជា​អាច​ទៅ​រួច​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​ហើយ​បំពាក់​នៅ​លើ​រថយន្ត​មិន​ខាន។​ប៉ុន្តែ​សាក​ស្រម៉ៃ​មើល​ថា​វា​អស្ចារ្យ​យ៉ាងណា​បើ​សិន​ជា​លោក​អ្នក​កំពុង​ស្ថិត​ក្នុង​រថយន្ត​ដ៏​ទំនើប​និង​ឆ្លាត​វៃ​មួយ​​៕

ប្រភព: PHYS​​​​​​​​​​​​​​​​​​​​

Loading...
SHARE