ប្រិយមិត្តប្រហែលជាធ្លាប់បានឃើញនូវការចុះផ្សាយកន្លងមកទាក់ទងនិងគំនូរដែលមានតម្លៃថ្លៃៗរួចទៅហើយ ហើយក្នុងនោះគំនូរថ្លៃបំផុតត្រូវបានគេដឹងថាជាស្នាដៃរបស់លោក Paul Cézanne ដែលវាត្រូវបានគេទិញក្នុងតម្លៃ២៥០លានដុល្លារឯណោះ ។

យ៉ាងណាទាក់ទងនិងតម្លៃនៃគំនូរទាំងនេះធ្លាប់មានប្រិយមិត្តសាកសួរមកកាន់គេហទំព័រយើងខ្ញុំថាហេតុអ្វីខ្លះទើបគំនូរទាំងនោះមានតម្លៃថ្លៃអ្វីបែបនេះស្របពេលដែលគំនូរមួយចំនួនអាចថាមើលមិនយល់ថាគូរពីអ្វីផងនោះ ។

ដូចនេះថ្ងៃនេះចង់ដឹងក៏សូមលើកយកចំណុចមួយចំនួនដែលជាហេតុផលនៅក្រោយតម្លៃដ៏ថ្លៃរបស់គំនូរទាំងនោះមកបកស្រាយចែកជូនប្រិយមិត្តដើម្បីចាត់ទុកជាចំណេះដឹង ។ ( អធ្យាស្រ័យជាមុនបើសិនការពន្យល់មិនសូវបានក្បោះក្បាយល្អឬមានចំណុចខ្វះខាត )

1. សិល្បករ

ចំណុចដ៏ចម្បងមួយនៅក្រោយតម្លៃដ៏ថ្លៃនៃគំនូរគឺជាសិល្បករដែលគូរវាឡើង តើអ្នកធ្លាប់លឺថាគំនូររបស់ Picasso ឬ Cezanne លក់ក្រោមតម្លៃមួយលានដុល្លារដែរទេ ? ចម្លើយនោះគឺមិនអាចទេដូច្នេះភាពល្បីល្បាញរបស់ពួកគាត់មានឥទ្ធិពលយ៉ាងខ្លាំង សួរថាបើមានលុយទិញអ្នកណាមិនចង់បានគំនូររបស់អ្នកល្បីមកដាក់តាំងក្នុងផ្ទះរបស់ខ្លួន ។

ឧទាហរណ៍ដូចជាគំនូរដែលមានត្រឹម៣០ផ្ទាំងរបស់លោក Leonardo da Vinci ដែលបន្សល់ដល់បច្ចុប្បន្ន ដោយសារកេរ្ត៍ឈ្មោះគួបផ្សំនិងចំនួនមានកំណត់វាបានធ្វើអោយគំនូរនោះឡើងថ្លៃរហូត ។ តែយ៉ាងណាគំនូររបស់វិចិត្រករមួយចំនួនទើបតែឡើងថ្លៃក្រោយពេលពួកគាត់ស្លាប់បាត់ប៉ុណ្ណោះ ។

2. គុណភាព

សម្រាប់គុណភាពនៃរូបគំនូរក៏ជារឿងសំខាន់ផងដែរ ប៉ុន្តែដូចអ្នកគ្រប់គ្នាបានដឹងហើយសម្រាប់ដែលអ្នកមានកេរ្ត៍ឈ្មោះល្បីៗគេមិនសូវខ្វាយលើការត្រួតពិនិត្យស្នាដៃពួកគាត់ម្ដងទៀតនោះទេ ព្រោះពួកគេជឿថាបុគ្គលទាំងនោះធ្វើគឺពួកគាត់យកចិត្តទុកដាក់និងធ្វើបានល្អបំផុតទៅហើយដោយពួកគេព្យាយាមបន្តរក្សាកិត្តិនាមខ្លួន ប៉ុន្តែផ្ទុយទៅវិញស្នាដៃសិល្បករថ្មីទើបត្រូវឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ ។

3. ការពន្យល់

សម្រាប់គំនូរដែលល្បីល្បាញវាមិនមែនជាគំនូរដែលសាមញ្ញៗនោះទេ វាប្រាកដជាបង្កប់នូវអត្ថន័យឬក៏រឿងរ៉ាវ​ណា​មួយ​ហើយ ដូចនេះការពន្យល់អោយគេបានដឹងពីវាពិតជារឿងសំខាន់ណាស់បើសិនជាមានការបកស្រាយច្បាស់លាស់ ហើយការបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃអាយុកាលគំនូរក៏ជាចំណុចសំខាន់មួយផងដែរ ។

4. សម្រាប់សម្ភារៈប្រើប្រាស់សម្រាប់ការគូរ

នៅពេលនិយាយពីគំនូរសម្រាប់សម្ភារៈប្រើប្រាស់សម្រាប់ការគូរក៏ជារឿងចម្បងផងដែរ ផ្ទាំងសម្រាប់គូរក៏ដូចជាថ្នាំពណ៌សុទ្ធតែសំខាន់ ហើយគេកត់សម្គាល់ថាកម្រាស់នៃថ្នាំពណ៌ក៏ជាកត្តាប៉ះពាល់តម្លៃផងដែរ ដោយគំនូរមួយចំនួនត្រូវការថ្នាំពណ៌កម្រាស់ក្រាស់ ហើយគំនូរខ្លះគឺគួរប្រើប្រាស់ថ្នាំពណ៌ស្ដើងដើម្បីបង្ហាញពីភាពឆើតឆាយរបស់វា ។

5. រចនាប័ទ្មសិល្បៈ

រចនាប័ទ្មសិល្បៈវាមានភាពទាក់ទងនិងការពេញនិយមនៅលើទីផ្សារ ជាក់ស្ដែងប្រទេសមួយចំនួនគឺអោយតម្លៃខ្ពស់ខ្លាំងទៅលើប្រភេទគំនូរអរូបិយ ដូចនេះវាជម្រុញអោយគំនូរប្រភេទនោះស្ថិតក្នុងតម្លៃខ្ពស់ស្រាប់ហើយយោងតាមចំណុចមួយចំនួនដែលបានរៀបរាប់ខាងលើទៀតនោះ វានិងធ្វើអោយតម្លៃកាន់តែឡើងកប់ពពកដូចនេះ ។

Loading...
SHARE