អស់ជាច្រើនសតវត្សមកហើយដែលអ្នកប្រាជ្ញបានអះអាងថា ពីរ៉ាមីតត្រូវបានសាងសង់ឡើងដើម្បីធ្វើជាផ្នូរសម្រាប់អ្នកគ្រប់គ្រងដ៏ខ្លាំងពូកែ។ ក្នុងនោះ ពីរ៉ាមីតដ៏ល្បីល្បាញបំផុតគឺជាពីរ៉ាមីតដែលត្រូវបានសាងសង់ឡើងនៅប្រទេសអេហ្ស៊ីប The Great Pyramid of Giza ។
នេះជាពីរ៉ាមីតដ៏អស្ចារ្យបំផុតមួយនៅលើផែនដី ប៉ុន្តែតាមពិតទៅវាមិនមែនជាពីរ៉ាមីតដែលធំជាងគេបំផុតនោះទេ។ The Great Pyramid of Cholula ត្រូវបានគេចាត់ទុកជាពីរ៉ាមីតដែលធំបំផុតនៅលើផែនដី ហើយនៅលើផែនដីមានពីរ៉ាមីតជាច្រើនទៀត ជាក់ស្តែងគ្រាន់តែនៅអាមេរិកកណ្តាលមានជាង១០០០ នៅចិនមាន៣០០ នៅស៊ូដង់មានជាង២០០ និងនៅកន្លែងផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ទោះបីពីរ៉ាមីតទាំងនោះសាងសង់នៅឆ្ងាយពីគ្នា ឬក្នុងពេលខុសគ្នា មនុស្សសម័យបុរាណសុទ្ធតែប្រើប្លង់ដូចគ្នាដើម្បីសាងសង់រចនាសម្ព័ន្ធសំណង់ដ៏ធំនេះ។
ការសាងសង់ពីរ៉ាមីតគឺជាអាថ៌កំបាំងមួយ ហើយមនុស្សជាច្រើនបានព្យាយាមស្វែងយល់ពីមូលហេតុដែលពីរ៉ាមីតមានសារៈសំខាន់ចំពោះមនុស្សសម័យបុរាណ។ ដើម្បីស្វែងយល់ពីអាថ៌កំបាំងនេះ អ្នកវិទ្យាសាស្ត្រជនជាតិអ៊ុយក្រែនម្នាក់ឈ្មោះ Dr. Volodymyr Krashnoholovets បានចំណាយពេលជាងមួយទសវត្សដើម្បីសាងសង់និងស្រាវជ្រាវពីពីរ៉ាមីត។ ដោយមានការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ី លោកបានបង្កើតពីរ៉ាមីតកម្ពស់ 144 ហ្វីតនៅខាងក្រៅទីក្រុងម៉ូស្គូ។ គេជឿថាលោកគឺជាអ្នកដែលបានបំបែកអាថ៌កំបាំងនៅពីក្រោយពីរ៉ាមីត និងរកឃើញព័ត៌មានជាច្រើនអំពីពីរ៉ាមីត។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបនៃការរកឃើញរបស់លោកពាក់ព័ន្ធនឹងឥទ្ធិពលរបស់ពីរ៉ាមីត ៖
- ប្រព័ន្ធភាពស៊ាំនៃសរីរាង្គមនុស្សជ៉ំវិញនោះមានភាពល្អប្រសើរឡើង (សមាសធាតុ leukocyte ក្នុងឈាមកើនឡើង)។
- ការដុះឡើងវិញនៃជាលិកាកាន់តែប្រសើរ
- គ្រាប់ពូជដែលរក្សាទុកនៅក្នុងពីរ៉ាមីតរយៈពេល ១-៥ ថ្ងៃ មានកំណើនទិន្នផល ៣០-១០០%។
- មិនយូរប៉ុន្មានបន្ទាប់ពីការសាងសង់ពីរ៉ាមីត Lake Seliger មានការកត់សម្គាល់ឃើញថាអូហ្សូននៅខាងលើពីរ៉ាមីតប្រសើរឡើង។
- សកម្មភាពរញ្ជួយនៅជិតតំបន់ស្រាវជ្រាវពីរ៉ាមីតត្រូវបានកាត់បន្ថយ។
- អាកាសធាតុអាក្រក់ហាក់ថយចុះនៅក្នុងតំបន់ជុំវិញពីរ៉ាមីត។
- ពីរ៉ាមីតដែលសាងសង់នៅក្នុងប្រទេសរុស្ស៊ីភាគខាងត្បូង (Bashkiria) ហាក់មានឥទ្ធិពលជាវិជ្ជមានទៅលើការផលិតប្រេង ដោយប្រេងថយចុះធាតុអន្ធិលៗ ៣០% ហើយទិន្នផលអណ្តូងប្រេងកើនឡើង នេះបើតាមការធ្វើតេស្តដែលធ្វើឡើងដោយ Moscow Academy of Oil and Gas ។
- ការសិក្សាមួយត្រូវបានធ្វើឡើងលើអ្នកទោស ៥,០០០នាក់ ដែលបានលេបអំបិលនិងម្រេចដែលប៉ះនឹងតំបន់ថាមពលរបស់ពីរ៉ាមីត។ ការធ្វើតេស្តបង្ហាញថា អត្រាអំពើហិង្សាមានការថយចុះយ៉ាងខ្លាំង ហើយឥរិយាបថជាទូទៅរបស់ពួកគេមានលក្ខណៈប្រសើរឡើង។
- ការធ្វើតេស្តជាលិកាស្តង់ដារបង្ហាញថាមានការកើនឡើងនូវការរស់រាននៃកោសិកាតូចៗ បន្ទាប់ពីឆ្លងមេរោគ និងបាក់តេរី។
- សារធាតុវិទ្យុសកម្មមានការថយចុះនៅក្នុងពីរ៉ាមីត។
- មានការរាយការណ៏ពីការសាកប្រដាប់បញ្ចូលអគ្គិសនីដោយស្វ័យប្រវត្តិ។
- អ្នករូបវិទ្យាបានសង្កេតឃើញពីការប្រែប្រួលនៃកម្រិតសីតុណ្ហភាព Superconductivity និងលក្ខណៈរបស់ Semiconducting និងធាតុកាបូនតូចៗ។
- ទឹកនៅខាងក្នុងពីរ៉ាមីតនឹងនៅរក្សាលក្ខណៈរាវក្នុងសីតុណ្ហភាព ៤០អង្សាសេ ប៉ុន្ដែនឹងកកភ្លាមៗបើសិនវាត្រូវបានបិទទប់។
គួរបញ្ជាក់ថា នៅទសវត្សឆ្នាំ១៩៧០ បុរសម្នាក់ឈ្មោះ Jim Onan បានរកឃើញការសិក្សាមួយដោយសាកលវិទ្យាល័យ Wisconsin ដែលអះអាងថាជនជាតិអេហ្ស៊ីបបុរាណប្រើប្រាស់ពីរ៉ាមីតជាម៉ាស៊ីនផលិតថាមពល។ លោកបានសាងសង់ពីរ៉ាមីតតូចៗពីរបីហើយដាក់វានៅជុំវិញផ្ទះរបស់គាត់។ យោងតាមរបាយការណ៍ មិត្តភក្តិនិងក្រុមគ្រួសាររបស់គាត់បានចាប់ផ្តើមកត់សំគាល់ឃើញនូវបាតុភូតចម្លែកជាច្រើននៅជិតពីរ៉ាមីត។
ទោះជាយ៉ាងណាក៏ដោយនោះគ្រាន់តែជាការរកឃើញ និងអះអាងរបស់អ្នកវិទ្យាសាស្ត្រចំនួន ២ រូបតែប៉ុនណោះ នៅមិនទាន់មានអ្នកវិទ្យាសាស្ត្ររូបណាចេញមកអះអាងថានោះជាការពិតឬយ៉ាងណានោះទេ ដោយអ្នកវិទ្យាសាស្ត្រមួយចំនួនកំពុងតែបន្តការសិក្សាអំពីវានៅឡើយ ។ ដូចនេះសូមប្រិយមិត្តអានហើយពិចារណាដោយខ្លួនឯង ថាគួរជឿ ឬក៏អត់ ? បើសិនជាមានការវិវត្តបន្តជ៉ំវិញរឿងរ៉ាវមួយនេះ ចង់ដឹង នឹងធ្វើការចុះផ្សាយនៅពេលក្រោយៗទៀត ៕
ប្រភព៖ Ancient-code