បើមិនប្រាប់អ្នកប្រហែលជាគិតថារូបថតទាំងនេះជារូបថតកាត់តជាក់ជាមិនខាន ពីព្រោះគ្មានបងប្អូនភ្លោះឯណាមុខដូចគ្នាដល់ទៅ ៥ នាក់បែបនេះនោះទេ ។

ប៉ុន្តែការពិតវាគឺជារូបថតដើមគ្មានការកាត់តនោះទេ ហើយរូបថតទាំងនេះត្រូវបានតាំងពីជាង ១០០ ឆ្នាំមុនមកម្ល៉េះ ដែលមានន័យថាគ្មានទេមុខងារទំនើបនៅក្នុងកាមេរ៉ាដែលអាចធ្វើឲ្យរូបភាពក្លាយជាបែបនេះ ហើយបើនិយាយពីការកាត់តរឹតតែមិនអាច ពីព្រោះរូបថតទាំងនោះកើតមុនក៉ំព្យូទ័រទៅទៀត។

ចុះតើគេថតរូបទាំងនេះបានដោយរបៀបណា ?

រូបថតដែលអ្នកបានឃើញនេះត្រូវបានប្រមូលដោយលោក Christopher B. Steiner ដែលជាសាស្រ្តាចារ្យនៃមហាវិទ្យាល័យ Connecticut ផ្នែកសិល្បៈបុរាណ និងជាសាស្ត្រាចារ្យផ្នែក នរវិទ្យា ។

ហើយបើតាមការស្រាវជ្រាវបានបង្ហាញថា រូបថតទាំងនេះត្រូវបានថតឡើងដោយប្រើបច្ចេកទេស Photo-multigraph ឬ Trick mirror ។ បច្ចេកទេសនេះត្រូវបានបង្កើតឡើងដោយលោក James B. Shaw នៅទីក្រុងអាត្លង់ទិក រដ្ឋញូវជើស៊ី ក្នុងកំឡុងដើមទសវត្សឆ្នាំ ១៨៩០ ។

របៀបនៃការថតរូបនេះ គឺមនុស្សត្រូវអង្គុយនៅចម្លោះកញ្ចក់ពីរ ដែលត្រូវបានរៀបចំនៅត្រង់មុំមួយដែលអាចបង្កើតការឆ្លុះជា ៤ ។ នៅពេលដែលមនុស្សអង្គុយនៅត្រង់ចំណុចមួយដ៏ត្រឹមត្រូវដែលអាចឲ្យកាមេរ៉ាចាប់យករូបភាពមួយដែលមានមុខមនុស្សដល់ទៅ ៥ ដែល ១ គឺជាមុខពិត និង ៤ ផ្សេងទៀតជាចំណាំងផ្លាតនៃកញ្ចក់ ទើបគេចាប់ផ្ដើមថត ជាលទ្ធផលដូចជាអ្វីដែលអ្នកបានឃើញនៅក្នុងរូបដែលខ្ញ៉ំបានបង្ហាញនេះអីញ្ចឹង ។

នៅទសវត្សរ៍ឆ្នាំ ១៩២០ Photo-multigraph បានក្លាយទៅជាបរិបទថ្មីនៃការថតរូបនៅទូទាំងទ្វីបអាមេរិកនិងអឺរ៉ុប  ។ បើយោងតាមកំណត់ហេតុរបស់អ្នកនិពន្ធម្នាក់ដែលបានសរសេរនៅក្នុងឆ្នាំ ១៩៣១ បានបង្ហាញថា “មនុស្សនៅលើថ្ងៃឈប់សម្រាកនឹងចំណាយប្រាក់ប្រហែល ១ ដុល្លារ ៥ កាក់ ឬ ២ ដុល្លារ ដើម្បីថតរូប ៥ នាក់ក្នុងរូបថតតែមួយនេះ” ។

ប៉ុន្តែគួរឲ្យស្ដាយនៅទសវត្សរ៍ឆ្នាំ ១៩៥០ បច្ចេកទេសនេះក៏ត្រូវបានគេបោះបង់ចោល ហើយអ្វីដែលនៅសេសសល់គឺមានបថតបែប Photo-multigraph រាប់ពាន់សន្លឹក ។

ចុចត្រង់នេះដើម្បីអានអត្ថបទ ៖ អ្នក​អាច​មិន​ជឿ​ថា​វា​ជា​រូបថត​ដែល​ថត​តាំង​ពី​ឆ្នាំ 1910 ប៉ុន្តែ​វា​ជា​ការ​ពិត

ប្រភព ៖ mashable