បច្ចុប្បន្នបច្ចេកវិទ្យាបានរីកចម្រើនទៅមុខយ៉ាងលឿនរហូតដល់ពេលខ្លះ យើងស្ទើរតែតាមមិនទាន់ថាបច្ចេកវិទ្យាលើពិភពលោកដើរដល់ណាហើយ។ ក្នុងចំណោមបច្ចេកវិទ្យានោះ ក៏មានដែរបច្ចេកវិទ្យាផលិតមនុស្សយន្ត ដើម្បីប្រើការក្នុងវិស័យផ្សេងៗជាច្រើន។ ជាក់ស្តែងអ្នកប្រហែលជាមិននឹកស្មានដល់ទេថា មនុស្សយើងបានបង្កើតមនុស្សយន្តចម្លែកៗទាំង១០នេះឡើង។

១០. មនុស្សយន្តដែលស៊ីរុក្ខជាតិ ឬអាចស៊ីមនុស្សផងក៏ថាបាន

មនុស្សយន្ត Energetically Autonomous Tactical Robot (EATR) ត្រូវបានបង្កើតឡើងដោយ Cyclone Power Technologies and Robotic Technology Inc. សម្រាប់United States Defense Advanced Research Projects Agency (DARPA)។ គោលគំនិតគឺគេចង់បង្កើតមនុស្សយន្តដែលអាចបំពេញបេសកកម្មក្នុងរយៈពេលយូរដោយមិនចាំបាច់សាក ឬចាក់ឥន្ធនៈ។ ដូចនេះហើយ លទ្ធផលដែលគេទទួលបានគឺមនុស្សដែលបង្កើតថាមពលសម្រាប់ខ្លួនវាដោយការស៊ីបន្លែរុក្ខជាតិហើយបម្លែលទៅជាថាមពល។

៩. មនុស្សយន្តជិះសត្វអូដ្ឋ

ការប្រណាំងអូដ្ឋជាកីឡាដ៏ពេញនិយមមួយក្នុងបណ្តាប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ប៉ុន្តែលក្ខខណ្ឌក្នុងកីឡានេះគឺតម្រូវឱ្យមាន Jockey ជាអ្នកបញ្ជាសត្វអូដ្ឋនោះ។ នៅទសវត្សឆ្នាំ១៩៧០ មានក្មេងៗនៅបង់ក្លាដេស ឥណ្ឌា និងប៉ាគីស្ថាន ត្រូវបានគេចាប់ពង្រាត់យកទៅធ្វើជា Jockey នេះ ប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្តូរនៅឆ្នាំ២០០៥ ពេលមានគំនាបពី UNICEF។ ដូចនេះហើយ គេបានបង្កើតមនុស្សយន្តតូចធ្វើជា Jockey ដែលវាត្រូវបានគ្រប់គ្រងបញ្ជាដោយមនុស្សពីចម្ងាយ។ គេអាចបញ្ជាឱ្យមនុស្សយន្តតូចនេះបញ្ចេញសម្លេងនិងបញ្ជាសត្វអូដ្ឋឱ្យរត់ប្រណាំង ព្រមទាំងបញ្ជូនព័ត៌មានពីសុខភាព និងទីតាំងរបស់សត្វអូដ្ឋមកកាន់អ្នកបញ្ជាវិញ។

៨. មនុស្សយន្តដែលបញ្ចុកប៉េងប៉ោះឱ្យដល់អ្នករត់

Tomatan ជាមនុស្សយន្តចម្លែកមួយដែលបញ្ចុកប៉េងប៉ោះដល់អ្នកពាក់វានឹងក្បាលខណៈពេលដែលគេកំពុងរត់។ វាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន Kagome។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានបង្កើតមនុស្សយន្តស្រដៀងគ្នាប៉ុន្តែស្ពាយពីក្រោយដូចកាតាប។ ក្រុមហ៊ុនបានលើកឡើងថា មនុស្សត្រូវការញុំាប៉េងប៉ោះពេលកំពុងរត់ដើម្បីទប់ទល់នឹងភាពហត់។

៧. មនុស្សយន្តដែលបំពាក់នូវកាំភ្លើង

Dogo ជាមនុស្សយន្តតូចមួយត្រូវបានបង្កើតឡើងដោយ General Robotics របស់ប្រទេសអ៊ីស្រាអែល។  វាអាចរត់ពីក្រោមរថយន្ត បត់បែននៅគ្រប់កន្លែងតូចៗ ព្រមទាំងអាចឡើងជណ្តើរ។ វាបំពាក់ដោយកាមេរ៉ាចំនួន៨ ដែលអាចឱ្យវាបំពេញប្រតិបត្តិការជួយសង្រ្គោះ ព្រមទាំងបំពាក់នូវកាំភ្លើង Glock 26 ដែលសមស្របសម្រាប់ការបំពេញប្រតិបត្តិការផ្សេងទៀត។

៦. មនុស្សយន្តដែលអាចដើរលេងដោយខ្លួនឯង

hitchBOT ជាមនុស្សយន្តដែលអាចដើរលេងកាត់ទីក្រុង និងឆ្លងរដ្ឋតែម្នាក់ឯង។ នៅឆ្នាំ២០១៤ មនុស្សយន្តប្រភេទនេះដំបូងត្រូវបានបង្កើតឡើង​ និងអាច លើចម្ងាយផ្លូវ ១០.០០០គីឡូម៉ែត្រពី Halifax ទៅ Victoria ក្នុងប្រទេសកាណាដា។ ដំណើរនេះចំណាយពេល២៦ថ្ងៃ ហើយមនុស្សយន្តបានឈរតាមផ្លូវសុំដោយសារឡានគេចំនួន១៩ដង។ នៅឆ្នាំតែមួយ មនុស្សយន្តទីពីរត្រូវបានបង្កើតឡើងដើម្បីធ្វើដំណើរនៅអាមេរិក។

៥. មនុស្សយន្តដែលជក់បារី

មានមនុស្សយន្តពីរដែលជក់បារី ទី១គឺ Elektro កម្ពស់ ២១៣សង់ទីម៉ែត្រ (បង្ហាញនៅក្នុង World’s Fair ឆ្នាំ១៩៣៩) ហើយទី២គឺ cigarette-smoking bot ដែលត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard។ វាត្រូវបានបង្កើតឡើងដើម្បីតាមដានមើលថា ការជក់បារីប៉ះពាល់ដល់មនុស្សបែបណា។

៤. មនុស្សយន្តដែលផ្តល់កម្លាំងចិត្តដល់អ្នកកំពុងនឹងជិតស្លាប់

មនុស្សដែលកំពុងនឹងជិតស្លាប់ត្រូវការអ្នកជាទីស្រឡាញ់នៅក្បែរខ្លួន។ សម្រាប់អ្នកដែលគ្មានអ្នកជាទីស្រឡាញ់នៅក្បែរ សិល្បករ និងអ្នករចនា Dan Chen នៅ Rhode Island School of Design អាចជួយមើលថែតាមរយៈមនុស្សយន្តរបស់លោកឈ្មោះ Last Moment Robot។ មនុស្សយន្តនេះកាន់ដៃអ្នកដែលកំពុងនឹងជិតស្លាប់ ហើយណែនាំខ្លួនដូចខាងក្រោម៖

Hello [person’s name]. I am the Last Moment Robot. I am here to help you and guide you through your last moment on earth. I am sorry that your family and friends can’t be with you right now, but don’t be afraid. I am here to comfort you.

៣. មនុស្សយន្តដែលប្រយុទ្ធគ្នា

មនុស្សបានបង្កើតមនុស្សយន្តតូចៗដែលអាចប្រយុទ្ធគ្នាតាំងពីឆ្នាំ១៩៩៤ ហើយនៅឆ្នាំ២០១៧ មនុស្សបានបង្កើតមនុស្សយន្តធំៗពីរប្រយុទ្ធគ្នាជាលើកដំបូង។ មនុស្សយន្តដែលចូលប្រកួតគឺ  Eagle Prime របស់ MegaBots អាមេរិក និង Kurata របស់ Suidobashi Heavy Industries ជប៉ុន។

២. មនុស្សយន្តដែលតែងតែឈ្នះការប៉ាវស៊ីងស៊ុង

មនុស្សយន្ត Janken តែងតែឈ្នះការប៉ាវស៊ីវស៊ុងជាមួយមនុស្ស ដោយសារតែវាអាចកត់សម្គាល់នូវកាយវិការដែលមនុស្សរៀបនឹងចេញ ហើយបញ្ជូនត្រឡប់មកវិញនូវកាយវិការដែលឈ្នះលើមនុស្ស ហើយការកត់សម្គាល់នេះគឺលឿនខ្លាំងណាស់។

១. មនុស្សយន្តដែលធ្វើពុតជាមានជម្ងឺ  Swine Flu

មនុស្សយន្ត Swine Flu ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុនមួយ ដែលវាអាចបង្ហាញនូវអាការៈជម្ងឺ Swine Flu (ឬដែលគេហៅថា វីរុស H1N1) ហើយវានឹងអាចស្លាប់ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវ។ មនុស្សយន្តដែលមានលក្ខណៈដូចមនុស្សនេះ ត្រូវបានបង្កើតឡើងដើម្បីបង្វឹកបុគ្គលិកសុខាភិបាល ក្នុងការព្យាបាលអ្នកជម្ងឺ Swine Flu។

 

ប្រភព៖ Listverse