វីដេអូដែលបង្ហាញពីរឿងដ៏ហួសចិត្តមួយបានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ និងចែករំលែកតៗគ្នា អមដោយពាក្យរិះគន់ទៅលើនារីនៅក្នុងវីដេអូនោះផងដែរ។

នៅក្នុងវីដេអូនោះវាបានបង្ហាញពីសកម្មភាពបុរសម្នាក់បានតាមសុំលេងទូរសព្ទនារីដ៏ស្រស់ស្អាតម្នាក់ ប៉ុន្តែត្រូវបាននាងបដិសេធជាច្រើនដង បន្តិចក្រោយមកក៏មានបុរសអនាថាម្នាក់បានដើរមកសុំប្រាក់ពីបុរសរូបនោះ គាត់ក៏បានទាញប្រាក់ចេញពីហោប៉ៅមួយដុំធំ ហើយរាប់ប្រាក់មួយចំនួនប្រគល់ទៅឲ្យបុរសអនាថា។

គ្រាន់តែឃើញដូចនេះនារីរូបស្រស់ក៏បានផ្លាស់ប្ដូរចិត្ត ធ្វើជានិយាយជាមួយនឹងបុរសនោះវិញ និយាយបានបន្តិចបុរសនោះ ក៏បាននិយាយថានេះគឺជាការបោកបញ្ជត (Prank) ហើយបុរសអនាថានោះគឺជាមិត្តភក្តិខ្ញុំទេ រួចក៏បានយកលុយមួយចំនួនទៅគប់លើមុខនាង ក្នុងន័យឌឺដងថានាងជាមនុស្សស្រីមុខលុយ (Gold Digger) ដែលធ្វើឲ្យនាងខឹងយ៉ាងខ្លាំង៕