Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

បើនិយាយពីទ្វីបនៅលើផែនដី គេដឹងជាទូទៅថាមានចំនួន ៧ ទ្វីបគឺ ទ្វីបអាស៊ី ទ្វីបអាហ្រ្វិក ទ្វីបអឺរ៉ុប ទ្វីបអាមេរិកខាងជើង ទ្វីបអាមេរិកខាងត្បូង ទ្វីបអង់តាកទិក ទ្វីបអឺរ៉ុប និងទ្វីបអូសេអានី ឬអូស្រ្តាលី ប៉ុន្តែតើនៅក្នុងទ្វីបនីមួយៗមានប្រទេសចំនួនប៉ុន្មាន ហើយទ្វីបណាដែលមានប្រទេសច្រើនជាងគេ? ខាងក្រោមនេះ ជាទ្វីបទាំង៧ និងចំនួនប្រទេសនៅក្នុងទ្វីបនីមួយៗ ដោយរៀបតាមលំដាប់ពីទ្វីបដែលមានផ្ទៃដីធំជាងគេទៅទ្វីបដែលមានផ្ទៃដីតូចជាងគេ។

ទ្វីបអាស៊ី មានផ្ទៃដី ៤៤.៥៧៩.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ៥០ប្រទេស។ នេះជាទ្វីបដែលមានមនុស្សរស់នៅច្រើនជាងគេ ដោយ៦០%នៃប្រជាជនសរុបក្នុងពិភពលោករស់នៅក្នុងទ្វីបនេះ។

ទ្វីបអាហ្រ្វិក មានផ្ទៃដី ៣០.៣៧០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ៥៤ប្រទេស ដែលជាចំនួនច្រើនជាងគេ។ អាហ្រ្វិកក៏ជាទ្វីបដែលក្តៅជាងគេ និងមានវាលខ្សាច់សាហារ៉ា (វាលខ្សាច់ធំជាងគេលើពិភពលោក) គ្របដណ្តប់២៥% នៃផ្ទៃដីសរុបរបស់ទ្វីប។

ទ្វីបអាមេរិកខាងជើង មានផ្ទៃដី ២៤.៧០៩.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ២៣ប្រទេស ដែលក្នុងនោះមានសហរដ្ឋអាមេរិកជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី១នៅលើពិភពលោក។

ទ្វីបអាមេរិកខាងត្បូង មានផ្ទៃដី​ ១៧.៨៤០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ១២ ប្រទេស ដែលក្នុងនោះមានព្រៃអាម៉ាហ្សូន (ព្រៃធំបំផុត) គ្របដណ្តប់៣០%នៃផ្ទៃដីសរុបរបស់ទ្វីប។

ទ្វីបអង់តាកទិក មានផ្ទៃដី ១៤.០០០.០០០ គីឡូម៉ែត្រការ៉េ ប៉ុន្តែមិនមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នោះទេ លើកលែងតែអ្នកវិទ្យាសាស្រ្តនៅស្ថានីយ៍ស្រាវជ្រាវនៅទ្វីបមួយនេះ។ អង់តាកទិកជាទ្វីបដែលត្រជាក់ជាងគេបំផុតនៅលើផែនដី។

ទ្វីបអឺរ៉ុប មានផ្ទៃដី ១០.១៨០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ៥១ប្រទេស។ នេះជាទ្វីបដែលមានការអភិវឌ្ឍសេដ្ឋកិច្ចល្អ ហើយមានសហភាពអឺរ៉ុបជាសហភាពសេដ្ឋកិច្ចនិងនយោបាយធំជាងគេបំផុតលើពិភពលោក។

ទ្វីបអូសេអានី ឬអូស្រ្តាលី មានផ្ទៃដី ៨.៦០០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ១៤ប្រទេស។ បន្ទាប់ពីទ្វីបអង់តាកទិក ទ្វីបអូស្រ្តាលីក៏ជាទ្វីបដែលមានមនុស្សរស់នៅតិចបំផុតដែរ ដោយមានប្រជាជនត្រឹមតែ០.៣% នៃប្រជាជនសរុបក្នុងពិភពលោកប៉ុណ្ណោះរស់នៅលើទ្វីបនេះ។

ប្រភព៖ Countries-of the-world

Loading...
SHARE