ទិវាសិទ្ធិនារីអន្តរជាតិ ឬទិវានារីអន្តរជាតិ ឬ International Women’s Day ត្រូវបានប្រារព្ធអបអរនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដោយទិវានេះជាថ្ងៃដែលស្រ្តីត្រូវបានគេទទួលស្គាល់សម្រាប់ភាពជោគជ័យរបស់ពួកគេដោយមិនគិតពីការបែងចែកសញ្ជាតិ ជាតិសាសន៍ ភាសា វប្បធម៌ សេដ្ឋកិច្ច ឬនយោបាយនោះទេ ហើយទិវានេះមានប្រវត្តិដូចខាងក្រោម៖

ឆ្នាំ១៩០៩ ៖ ទិវានារីជាតិ (National Woman’s Day) លើកដំបូងត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែកុម្ភៈ។ គណបក្ស Socialist Party of America បានប្រារព្ធថ្ងៃនេះឡើងដើម្បីជាកិត្តិយសដល់ចលនារបស់កម្មកររោងចក្រក្នុងឆ្នាំ១៩០៨ នៅញូវយ៉កដែលស្រ្តីធ្វើបាតុកម្មប្រឆាំងនឹងលក្ខខណ្ឌការងារ។

ឆ្នាំ១៩១០​ ៖ Socialist International ដែលជាការជួបប្រជុំនៅទីក្រុង Copenhagen បានបង្កើតនូវទិវានារីដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីជាកិត្តិយសដល់ចលនាដើម្បីសិទ្ធិស្រ្តី និងផ្តល់ការគាំទ្រសម្រាប់ការសម្រេចនូវសិទ្ធិបោះឆ្នោតជាសកលសម្រាប់ស្រ្តី។

ឆ្នាំ១៩១១ ៖ ជាលទ្ធផលនៃការផ្តួចផ្តើមនៅទីក្រុង Copenhagen ទិវានារីអន្តរជាតិ ត្រូវបានកំណត់ជាលើកដំបូងនៅថ្ងៃទី១៩ ខែមីនា នៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងប្រទេសស្វីស។ ក្រៅពីសិទ្ធិក្នុងការបោះឆ្នោតនិងកាន់តំណែងសាធារណៈ គេបានទាមទារសិទ្ធិស្រ្តីក្នុងការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្ចប់ការរើសអើងក្នុងការងារ។

ឆ្នាំ១៩១៣ – ១៩១៤ ៖​ ទិវានារីអន្តរជាតិក៏បានក្លាយជាយន្តការមួយប្រឆាំងនឹងសង្រ្គាមលោកលើកទី១។ ក្នុងនាមជាផ្នែកមួយនៃចលនាសន្តិភាព ស្រ្តីរូស្ស៊ីមានទិវានារីអន្តរជាតិលើកដំបូងនៅថ្ងៃអាទិត្យចុងក្រោយនៃខែកុម្ភៈ។ នៅឆ្នាំបន្តបន្ទាប់ នៅកន្លែងផ្សេងទៀតនៅអឺរ៉ុប នៅថ្ងៃទី០៨ ខែមីនា ឬថ្ងៃក្បែរៗថ្ងៃនេះ ស្រ្តីបានប្រជុំគ្នាដើម្បីប្រឆាំងនឹងសង្រ្គាម និងបង្ហាញពីសាមគ្គីភាពជាមួយសកម្មជនផ្សេងទៀត។

ឆ្នាំ១៩១៧ ៖ ជាថ្មីម្តងទៀត ស្រ្តីនៅរូស្ស៊ីបានធ្វើបាតុកម្មសម្រាប់ “Bread and Peace” (នំប៉័ងនិងសន្តិភាព) នៅថ្ងៃអាទិត្យចុងក្រោយនៃខែកុម្ភៈ​(ដែលត្រូវនឹងថ្ងៃ០៨ ខែមីនា នៅ Gregorian calendar)។

ឆ្នាំ១៩៧៥ ៖ អង្គការសហប្រជាតិបានចាប់ផ្តើមប្រារព្ធអបអរទិវានារីអន្តរជាតិនៅថ្ងៃទី០៨ ខែមីនា។

ឆ្នាំ១៩៩៥ ៖ សេចក្តីប្រកាសទីក្រុងប៉េកាំង និងកម្មវិធីសម្រាប់សកម្មភាព (Beijing Declaration and Platform for Action) គឺជាផែនការជាប្រវត្តិសាស្រ្តមួយដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលចំនួន១៨៩ និងដែលផ្តោតលើចំណុចសំខាន់ៗចំនួន១២ ហើយបង្កើតរូបភាពពិភពលោកមួយដែលស្រ្តី និងក្មេងស្រីទាំងអស់អាចមានជម្រើស ឬសិទ្ធិរបស់ខ្លួនដូចជា ការចូលរួមក្នុងនយោបាយ ការទទួលបានការអប់រំ ការមានប្រាក់ចំណូល ការរស់នៅក្នុងសង្គមដែលគ្មានអំពើហិង្សានិងការរើសអើង។

គួរបញ្ជាក់ថា ធម្មនុញ្ញអង្គការសហប្រជាជាតិដែលបានចុះហត្ថលេខានៅឆ្នាំ១៩៤៥ គឺជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងគេដែលបញ្ជាក់នូវសិទិ្ធស្មើភាពគ្នារវាងបុរសនិងស្រ្តី ហើយចាប់ពីពេលនោះមក អង្គការសហប្រជាជាតិបានជួយក្នុងកិច្ចការជាច្រើនរហូតដល់បន្សល់ទុកនូវមរតកដែលលើកកម្ពស់ឋានៈតួនាទីស្រ្តីដែលមានការទទួលស្គាល់ជាអន្តរជាតិដូចបច្ចុប្បន្ន។

ប្រភព៖ UN.ORG

Loading...
SHARE