តើអ្នកធា្លប់ឃើញគំនូសពណ៌សដូចពពកបន្សល់ទុកនៅលើមេឃនៅពេលយន្តហោះហោះកាត់មេឃពណ៌ខៀវស្រឡះល្អដែរឬទេ? ពេលខ្លះគេអាចតាមមើលដានហោះហើររបស់យន្តហោះដោយងាយតាមរយៈដានពណ៌សនេះនៅលើផ្ទៃមេឃ។ តែយ៉ាងណាក៏ដោយ ដាននេះមិននៅជាប់រហូតនោះទេ គឺវានឹងរលុបបាត់ទៅវិញក្នុងខ្យល់នាពេលបន្ទាប់។

តាមពិតទៅ ស្នាមឆ្នូតសវែងដែលយន្តហោះបន្សល់ទុក ឬផ្សែងសចេញពីយន្តហោះនេះជាពពកសិប្បនិម្មិត ដែលភាសាអង់គ្លេសហៅថា Contrail (ពាក្យកាត់នៃឃ្លា Condensation Trail)។ តើវាកើតឡើងដោយរបៀបណា?

ម៉ាស៊ីនយន្តហោះបញ្ចេញនូវផ្សែងដូចម៉ាស៊ីនរថយន្តដែរ។ នៅពេលផ្សែងក្តៅចេញពីយន្តហោះ ចំហាយទឹកនៅក្នុងផ្សែងប៉ះនឹងខ្យល់ត្រជាក់នៅលើមេឃ (នៅរយៈកម្ពស់ ២៦,០០០feet ឬខ្ពស់ជាងនេះ ខ្យល់គឺត្រជាក់ខ្លាំងដោយពេលខ្លះដល់ជាងក្រោម -៤០° F។ ខ្យល់ត្រជាក់ធ្វើឱ្យចំហាយទឹកចាប់ផ្តើមកកជាតំណក់តូចៗ ឬកកជាទឹកកកថ្លាតូចៗ ហើយវារួមបញ្ចូលគ្នាបង្កើតបានជាដានរាងដូចពពកដែលអ្នកឃើញនៅលើមេឃ។

ប៉ុន្តែសូមកុំច្រឡំនឹងអ្វីដែលអ្នកបានឃើញនៅក្នុងការសម្តែង Air Show ដែលយន្តហោះហោះបង្កើតជាសារនៅលើផ្ទៃមេឃដែលមើលទៅដូចជាពពកដែរ។ ដានពណ៌សនៅពេលនេះមិនមែនជា Contrail នោះទេ។ ការសម្តែងនេះ គេប្រើយន្តហោះតូចៗដែលបំពាក់នូវម៉ាស៊ីនបង្កើតផ្សែងពិសេស ឱ្យហោះនៅក្នុងទម្រង់ជាក់លាក់ណាមួយដើម្បីបង្កើតជាសារនៅលើមេឃហើយអាចមើលឃើញពីដី។ អ្នកបើកយន្តហោះត្រូវរៀនពីរបៀបហោះក្នុងទម្រង់ជាក់លាក់ និងអាចបញ្ជាម៉ាស៊ីនឱ្យបញ្ចេញផ្សែងឱ្យកកបង្កើតជាសារដែលគេចង់បាន។

ប្រភព៖ Wonderopolis.org

SHARE