នៅក្នុងជីវិតប្រចាំថ្ងៃ តិចឬច្រើនមនុស្សតែងតែមានការសើច ហើយការសើចជាសញ្ញាបង្ហាញច្រើនយ៉ាងដូចជា បង្ហាញនូវអារម្មណ៍ពេលសន្ទនា បង្ហាញថាអ្នកជាផ្នែកមួយនៃក្រុម បង្ហាញនូវការទំនាក់ទំនង បង្ហាញការអបអរនូវអ្វីដែលល្អជាដើម។ ទន្ទឹមគ្នានេះដែរ ការសើចក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយផងដែរ ព្រោះអារម្មណ៍និងរាងកាយមានទំនាក់ទំនងជាមួយគ្នា។ ចង់ដឹងថា ការសើចផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់យើង សូមអានខាងក្រោម។
10. ជួយឱ្យរស់នៅបានយូរឬអាយុវែង
តាមការសិក្សាស្រាវជ្រាវថ្មីៗដែលបានចេញផ្សាយក្នុង Archives of General Psychiatry ក្នុងចំណោមមនុស្សចាស់អាយុ៦៥ទៅ៨៥ឆ្នាំដែលចូលរួមក្នុងការសិក្សានេះ អ្នកដែលមានសុទិដ្ឋិនិយម (គិតថានឹងមានរឿងល្អកើតឡើងច្រើនជាងរឿងអាក្រក់) ឬអាចសើចសប្បាយបានច្រើន ទំនងជាអាចរស់នៅបានយូរជាងអ្នកដែលទុទិដ្ឋិនិយម ឬអ្នកមិនសូវសើច។
9. ជួយជំរុញប្រព័ន្ធភាពសុំាឱ្យកាន់តែប្រសើរឡើង
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលសើចអាចជំរុញប្រព័ន្ធភាពសុំាការពាររាងកាយប្រឆាំងមេរោគរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ នេះជួយឱ្យគេមិនសូវកើតរោគក្អក និងផ្តាសាយជាដើម ព្រមទាំងជួយបន្ថយកម្រិតអរម៉ូនយ៉ាងតិចបួនប្រភេទដែលពាក់ព័ន្ធនឹងភាពស្រ្តេស។
8. ជួយសម្រាលភាពឈឺចាប់
ការសិក្សារបស់អង់គ្លេសបង្ហាញថា គ្រាន់តែការសើច១៥នាទីអាចបង្កើនភាពធន់នឹងការឈឺចាប់ប្រហែល១០ភាគរយ ដោយសារតែ Endorphins ត្រូវបានបញ្ចេញទៅកាន់ខួរក្បាល។
7. ជួយកាត់បន្ថយការក្រៀមក្រំឬជម្ងឺបាក់ទឹកចិត្ត
ការសើចជួយមនុស្សពីការក្រៀមក្រំ ឬជម្ងឺបាក់ទឹកចិត្ត។ ការសិក្សាមួយនៅ Geriatrics and Gerontology International រកឃើញថា ការសើចជួយកាត់បន្ថយជម្ងឺបាក់ទឹកចិត្តរបស់មនុស្សចាស់ ដោយការនាំមកនូវអារម្មណ៍ល្អៗ និងធ្វើឱ្យប្រសើរនូវទំនាក់ទំនងសង្គមរបស់ពួកគេ។
6. ជួយជំរុញនូវទំនាក់ទំនង
ប្រសិនបើអ្នកស្វែងរកដៃគូ ការសើចនឹងជួយអ្នកបាន ព្រោះការសើចជាកត្តាជួយរក្សាទំនាក់ទំនងឱ្យដំណើរការរលូនល្អ។ បុរសស្រឡាញ់ស្រ្តីដែលអាចសើចនៅពេលជួបគ្នា ហើយជាការពិតស្រ្តីសើចច្រើនជាងបុរស។
5. ជួយផ្តល់អត្ថប្រយោជន៍សង្គម
ប្រសិនបើអ្នកសើច អ្នកអាចនឹងជួយឱ្យអ្នកជុំវិញសើចជាមួយអ្នកដែរ ដែលតាមរយៈនេះអ្នកជួយឱ្យគេមានអារម្មណ៍ល្អ កាត់បន្ថយនូវភាពស្រ្តេស និងធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនងសង្គម។ បើអ្នកសើចជាមួយអ្នកដទៃកាន់តែច្រើន នោះទំនាក់ទំនងរបស់អ្នកក៏កាន់តែប្រសើរឡើង ដោយពោរពេញនូវសុភមង្គល និងភាពរីករាយ។
4. ជួយធ្វើលំហាត់ប្រាណខាងក្នុងខ្លួន
ការសើចប្រៀបដូចការធ្វើលំហាត់ប្រាណក្បាលពោះ ស្មា និងជួយឱ្យសាច់ដុំសម្រាកនៅពេលបន្ទាប់។ វាក៏ជាការធ្វើលំហាត់ប្រាណសម្រាប់បេះដូងផងដែរ។ ការសើច១០០ដងស្មើនឹងការហាត់ប្រាណជាមួយនិងម៉ាស៊ីនអុំចែវ១០នាទី ឬការហាត់ប្រាណជិះកង់១៥នាទី។
3. ជួយធ្វើឱ្យប្រសើរឡើងនូវដង្ហើម
ការសើចជួយឱ្យសួតទំនេរដោយការបញ្ចេញខ្យល់ច្រើនជាងការស្រូបខ្យល់ចូល ដូចនឹងការដកដង្ហើមវែងដែរ។ នេះមានសារប្រយោជន៍សម្រាប់អ្នកដែលមានជម្ងឺផ្លូវដង្ហើមដូចជា រោគហឺត។
2. ជួយឱ្យស្រកទម្ងន់
ការសើចគឺជាលំហាត់ប្រាណរាងកាយល្អមួយ។ ទោះវាមិនអាចដុតកាឡូរីបានច្រើន ប៉ុន្តែការសើចតិចៗជួយបង្កើនអត្រាចង្វាក់បេះដូង និងបង្កើនល្បឿនមេតាប៉ូលីស។ ដូចនេះបើអ្នកចង់សម្រកទម្ងន់ គួរតែបន្ថែមការសើចទៅក្នុងការធ្វើលំហាត់ប្រាណ។
- ជួយការពារបេះដូង
អ្នកដែលសើចជាប្រចាំមានសម្ពាធឈាមទាបជាងមនុស្សធម្មតា។ នៅពេលមនុស្សសើច ដំបូងសម្ពាធឈាមកើនឡើង ប៉ុន្តែក្រោយមកវាថយចុះទៅកម្រិតក្រោមធម្មតា។ បេះដូងរបស់មនុស្សដូចជាសាច់ដុំផ្សេងទៀតក្នុងរាងកាយដែរ វានឹងរឹងមាំ ហើយបំពេញតួនាទីបានល្អប្រសើរជាងមុននៅពេលធ្វើលំហាត់ប្រាណវា។ ការសើចជាប្រចាំដូចជាការក្លាយជាសមាជិកក្លឹបហាត់ប្រាណសម្រាប់បេះដូងដែរ។ ការសើចមានសារប្រយោជន៍ដល់លំហូរឈាមនៅក្នុងរាងកាយ និងកាត់បន្ថយនូវជម្ងឺបេះដូង។ ការសើច១៥នាទីក្នុងមួយថ្ងៃមានសារសំខាន់សម្រាប់បេះដូងដូចការធ្វើលំហាត់ប្រាណ៣០នាទី៣ដងក្នុងមួយសប្តាហ៍ដែរ។
ប្រភព៖ Wonderlists