ប្រទេសស្ទើរទាំងអស់នៅលើពិភពលោកគឺមានកងទ័ពសម្រាប់ការពារប្រទេសរបស់ខ្លួន ហើយបើនិយាយពីប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកទៀត រឹតតែមិនបាច់និយាយ។ ម្យ៉ាងទៀត កងទ័ពរបស់ប្រទេសនេះទទួលបានការចាប់អារម្មណ៍ចង់ដឹងច្រើនពីបណ្តាប្រទេសនានា ប៉ុន្តែនៅមានការពិតមួយចំនួនពាក់ព័ន្ធនឹងវាដែលគេប្រហែលមិនបានដឹងដូចជាចំណុចខាងក្រោម។

  1. កងទ័ពមានអាយុកាលចាស់ជាងប្រទេសនេះទៅទៀត

អាមេរិកចាត់ទុកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ ជាថ្ងៃកំណើតប្រទេសរបស់ខ្លួន ប៉ុន្តែកងទ័ពរបស់ប្រទេសនេះមានអាយុកាលមុននេះទៅទៀត។ ជាក់ស្តែង នៅឆ្នាំ១៧៧៥ ជនជាតិអាមេរិកដែលបានរៀបចំខ្លួនដូចកងទ័ព (តែគ្មានរចនាសម្ព័ន្ធច្បាស់លាស់ គ្មានមេបញ្ជាការរួម) មានបំណងចង់យកឈ្នះលើអាណានិគមអង់គ្លេស ដូចនេះហើយក៏បានរៀបចំជារចនាសម្ព័ន្ធច្បាស់លាស់ក្រោមការដឹកនាំរបស់លោក George Washington ហើយកងទ័ពអាមេរិកក៏បានកកើតជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៧៧៥ តាមរយៈសេចក្តីសម្រេចពី Continental Congress។

2. ប្រសិនបើកងទ័ពជាទីក្រុងមួយ នោះវាអាចជាទីក្រុងធំបំផុតលំដាប់ទី១០នៅក្នុងសហរដ្ឋអាមេរិក

មានទាហានជាង១លាននាក់ កំពុងបម្រើការនៅក្នុងកងទ័ព ដែលក្នុងនោះប្រហែលពាក់កណ្តាលបំពេញភារកិច្ចសកម្មនិងជាប្រចាំ ហើយនៅសល់ជាទាហានបម្រុង។

3. កងទ័ពក៏អាចចាត់ទុកថាជានិយោជកធំបំផុតលំដាប់ទី២ផងដែរ

ក្រុមហ៊ុន Walmart ជាក្រុមហ៊ុន ឬនិយោជកធំបំផុតនៅអាមេរិក ដោយមានបុគ្គលិកប្រហែល២.២លាននាក់។ ចំណែកកងទ័ពវិញអាចចាត់ទុកថាជានិយោជកធំបំផុតលំដាប់ទី២ ដោយមានទាហានសកម្មនិងទាហានបម្រុងជាង១លាននាក់។

4. Specialist ជាថ្នាក់ឬឋានន្តរសក្កិទូទៅបំផុតក្នុងចំណោមទាហាន

ក្នុងចំណោមថ្នាក់ឬឋានន្តរសក្កិរបស់ទាហានសកម្ម និងទាហានបម្រុងទាំងអស់នៅឆ្នាំ២០១៥ មាន ២៦៤,៨៩០ជាថ្នាក់ឬឋានន្តរសក្កិ Specialist ដែលស្មើនឹង១ភាគ៤នៃកងទ័ពអាមេរិក។

5. កងទ័ពប្រើប្រេងឥន្ធនៈជិត១ប៊ីលានGallonsក្នុងមួយឆ្នាំ

ដូចស្ថាប័នធំៗផ្សេងទៀតដែរ កងទ័ពត្រូវការប្រេងឥន្ធនៈដើម្បីបម្រើឱ្យប្រតិបត្តិការ ដែលក្នុងនោះកងទ័ពត្រូវការប្រើយ៉ាងច្រើន។ នៅឆ្នាំ២០១១ កងទ័ពប្រើប្រេងឥន្ធនៈជាង២២Gallons ជារៀងរាល់ថ្ងៃសម្រាប់ទាហានម្នាក់។ នៅឆ្នាំ២០០៨ កងទ័ពទិញប្រេងឥន្ធនៈប្រហែល ៨៨០លានGallons សម្រាប់ប្រតិបត្តិការការងារ។

6. ក្នុងចំណោមប្រធានាធិបតីអាមេរិក ភាគច្រើនបម្រើការងារក្នុងកងទ័ព

ក្នុងចំណោមបុរសទាំង៤៤រូបដែលធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិក (មិនគិតលោកដូណាល់ត្រាំដែលជាប្រធានាធិបតីទី៤៥) មាន ៣១នាក់បំពេញកាតព្វកិច្ចយោធា ហើយ២៤នាក់ក្នុងចំណោមពួកគេបម្រើការងារនៅក្នុងកងទ័ព ឬក្នុង State Militias (ដែលបច្ចុប្បន្នហៅថា National Guard)។ យ៉ាងណាមិនមានលក្ខខណ្ឌតម្រូវថាត្រូវតែស្ថិតនៅក្នុងយោធាដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតីនោះទេ។

7. កងទ័ពគ្រប់គ្រងលើដែនដីជាច្រើន បើគិតជារដ្ឋនោះ វាអាចធំជាងរដ្ឋហាវ៉ៃនិងរដ្ឋMassachusetts រួមបញ្ចូលគ្នា

កងទ័ពមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយទាហានបម្រើការនៅកន្លែងចំនួន១៥៨នៅជុំវិញពិភពលោក។ កងទ័ពគ្រប់គ្រងលើដែនដីជាង១៥លានacres នៅទូទាំងសហរដ្ឋអាមេរិក ដែលប្រហែលនឹង ២៤,០០០ ម៉ាយការ៉េ (square miles)។

ប្រភព៖ Business Insider