នៅក្នុងអត្ថបទនេះ គេហទំព័រ ចង់ដឹង សូមណែនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ភ្នំភ្លើងអសកម្មចំនួន ១០ នៅជ៉ំវិញពិភពលោកដែលគេបានប៉ានស្មានថាវាអាចនឹងផ្ទុះនៅថ្ងៃណាមួយជាក់ជាមិនខាន ។ ប៉ុន្តែមុននឹងចូលដល់ប្រធានបទរបស់យើង ខ្ញ៉ំសូមរំលឹកអ្នកទាំងអស់គ្នាអំពី ភ្នំភ្លើងបន្តិចសិន ។

ភ្នំភ្លើងគឺជាភ្នំដែលមានម៉ាកម៉ាហូរចេញមកក្រៅផែនដី ។ ហើយម៉ាកម៉ាគឺជាសិលារាវ ដែលកើតឡើងដោយសារតែបន្សំរវាងសិលា ទឹក និងឧស្ម័ន ។ នៅពេលមានការរុញច្រានម៉ាកម៉ាពីក្នុងផែនដីចេញមកក្រៅត្រូវបានគេហៅថាបន្ទុះភ្នំភ្លើង ។

នៅលើផែនដីនេះមានភ្នំភ្លើងរាប់មិនអស់ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបែងចែកភ្នំភ្លើងជា ៣ ធំៗគឺ ៖

  • ភ្នំភ្លើងសកម្ម ៖ ជាភ្នំភ្លើងដែលទើបតែនឹងផ្ទុះ  ហើយវានឹងផ្ទុះជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខ
  • ភ្នំភ្លើងអសកម្ម ៖ ជាភ្នំភ្លើងដែលផ្ទុះជាយូរយារណាស់មកហើយ ហើយអាចនឹងផ្ទុះជាថ្មីម្ដងទៀតនៅថ្ងៃណាមួយ
  • ភ្នំភ្លើងងាប់ ៖ ជាភ្នំភ្លើងដែលដែលបានផ្ទុះរួចហើយ ហើយនឹងមិនផ្ទុះជាថ្មីម្ដងទៀតនោះទេ

ក្រោយពីបានដឹងរឿងរ៉ាងលំអិតខ្លះៗទាក់ទងនឹងភ្នំភ្លើង នៅពេលយើងចូលដល់ប្រធានបទយើងវិញម្ដង ។

តើភ្នំភ្លើងអសកម្មទាំងណាខ្លះដែលកំពុងដេករងចាំថ្ងៃផ្ទុះជាថ្មីម្ដងទៀត ?

១ ភ្នំភ្លើង Fuji ឬ Fujisan ប្រទេសជប៉ុន

Fuji គឺជាភ្នំដែលធំ និងស្រស់ស្អាតមួយនៅក្នុងប្រទេសជប៉ុន ហើយវាកាន់តែស្រស់ស្អាតនៅក្នុងរដូវធ្លាក់ទឹកកក ។ ភ្នំមួយនេះគឺមានកំពស់រហូតដល់ទៅ ៣៧៧៦ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅលើកោះ Honshu ដែលស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន ។

ថ្វីត្បិតតែមានសម្រស់ស្រស់ស្អាត ប៉ុន្តែ Fuji ត្រូវបានអ្នកវិទ្យសាស្ត្រកំណត់ថាជាភ្នំភ្លើងអសកម្មមួយក្នុងចំណោមភ្នំភ្លើងជាច្រើនដែលអាចនឹងផ្ទុះនៅថ្ងៃណាមួយ ហើយភ្នំភ្លើងមួយនេះធ្លាប់បានផ្ទុះម្ដងរួចមកហើយកាលពីកំឡុងឆ្នាំ ១៧០៧ ឬ ១៧០៨ ។

២ ភ្នំភ្លើង Pinatubo

Pinatubo គឺជាភ្នំភ្លើងក៏ខ្លាំងក្លាមួយរបស់ប្រទេសហ្វីលីពីន ដែលវាស្ថិតនៅភាគខាងជើងនៃទីក្រុងម៉ាលីលចម្ងាយប្រមាណ ៨៧ គីឡូម៉ែត្រ  ។ កាលពីឆ្នាំ ១៩៩១ ភ្នំភ្លើងមួយនេះបានផ្ទុះម្ដងរួចមកហើយដោយបានបង្កើតកម្លាំងផ្ទុះដ៏ខ្លាំងក្លា ដោយបានបញ្ចេញនូវម៉ាកម៉ារហូតដល់ទៅ ១០គីឡូម៉ែត្រគូប គ្រប់ដណ្ដប់លើផ្ទៃដៃជ៉ំវិញភ្នំ ។ ចំណែកឯការផ្ទុះចុងក្រោយគេគឺកើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ។

៣ ភ្នំភ្លើង Ojos del Salado

Ojos del Salado គឺជាភ្នំភ្លើងមួយដែលមានទីតាំងស្ថិតនៅលើជួរភ្នំ Andes ដែលស្ថិតនៅប៉ែកខាងលិចនៃអាមេរិកខាងត្បូង គឺនៅលើបន្ទាត់ព្រំដែនរវាងប្រទេស អាហ្សង់ទីន និង ឈីលី ។ បើតាមការស្រាវជ្រាវភ្នំភ្លើងមួយនេះធ្លាប់បានផ្ទុះម្ដងរួចមកហើយកាលពី ១៣០០ ឆ្នាំមុន ។

៤ ភ្នំភ្លើង Mauna Loa

Mauna Loa គឺជាភ្នំភ្លើងដែលធំបំផុតមួយនៅក្នុងពិភពលោក ដែលស្ថិតនៅលើកោះហាវៃ របស់សហរដ្ឋអាមេរិក ។ បើយោងតាមឯកសារការផ្ទុះចុងក្រោយបំផុតរបស់ភ្នំភ្លើងមួយនេះគឺកាលពីឆ្នាំ ១៩៨៤ បើគិតមកដល់ឥលូវគឺមានរយៈពេល ៣៤ ឆ្នាំមកហើយដែលភ្នំភ្លើងនេះស្ថិតនៅក្នុងស្ថានភាពអសកម្ម ប៉ុន្តែវាមិនទាន់ងាប់នោះទេ ហើយវាអាចនឹងផ្ទុះសារជាថ្មីម្ដងទៀតនៅថ្ងៃអនាគត ។

៥ ភ្នំភ្លើង Vesuvius

Vesuvius ជាភ្នំភ្លើងមួយដែលមានទីតាំងស្ថិតនៅជិតនឹងទីក្រុង Naples ប្រទេសអ៉ីតាលី ដែលមានកំពស់ ១២៨១ ម៉ែត្រ ។ បើយោងតាមការស្រាវជ្រាវរបានឲ្យដឹងថា ភ្នំភ្លើងមួយនេះធ្លាប់មានបន្ទុះដ៏ធំសម្បើមមួយកាលពីឆ្នាំ ៦៦២ ហើយការផ្ទុះចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ ១៩៤៤ រហូតមកដល់ពេលនេះវានៅតែស្ថិតក្នុងចំណោមភ្នំភ្លើងអសកម្ម ដែលអាចនឹងកម្រើកឡើងវិញក្នុងពេលណាមួយ ។

 

 

៦ ភ្នំភ្លើង Taal

Taal គឺជាបណ្ដ៉ំភ្នំភ្លើងដែលមានទីតាំងស្ថិតនៅកោះ Luzon ប្រទេសហ្វីលីពីន ហើយវាមានចម្ងាយត្រឹមតែ ៥០ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងម៉ានីល ។ ត្រឹមតែការផ្ទុះចំនួន ២ លើគឺនៅឆ្នាំ ១៧៥៤ និង ១៩១១ ភ្នំភ្លើងមួយនេះបានសម្លាប់មនុស្សប្រមាណជាង ១៣៣៥ នាក់ ហើយការផ្ទុះចុងក្រោយបំផុតគឺកើតឡើងកាលពីឆ្នាំ ១៩៧៧ ។

បច្ចុប្បន្ននេះក្រុមអ្នកស្រាវជ្រាវបានរកឃើញសញ្ញា ដែលបង្ហាញភ្នំភ្លើងមួយនេះអាចនឹងផ្ទុះជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខនេះ ។

៧ ភ្នំភ្លើង Cotopaxi

ភ្នំភ្លើងមួយនេះមានទីតាំងស្ថិតនៅក្នុងប្រទេស អេក្វាឌ័រ ហើយវាមានចម្ងាយត្រឹមតែ ៤៨ គីឡូម៉ែត្រតែប៉ុណ្ណោះពីរដ្ឋធានី Quito ។ ដោយសារតែវាមានកំពស់រហូតដល់ទៅ ៥៨៩៦ ម៉ែត្រ បានធ្វើឲ្យវាក្លាយទៅជាភ្នំភ្លើងដែលខ្ពស់ជាងគេបំផុតមួយនៅក្នុងពិភពលោក ។ ហើយដែលសារតែកំពស់ដ៏ខ្ពស់បែបនេះហើយធ្វើឲ្យសីតុណ្ហភាពលើកំពូលភ្នំមានភាពត្រជាក់ខ្លាំង ហើយយើងនឹងមើលឃើញផ្ទៃខាងលើនៃភ្នំមួយនេះគ្រប់ដណ្ដប់ដោយព្រិលពេញមួយឆ្នាំតែម្ដង ។ ហើយការផ្ទុះចុងក្រោយគឺកើតឡើងនៅកំឡុងខែសីហា ឆ្នាំ ២០១៥ ដល់ខែមករា ឆ្នាំ ២០១៦ ។

៨ ភ្នំភ្លើង Krakatau

Krakatau គឺជាភ្នំភ្លើងដែលប្រជាជនពិភពលោកចាត់ទុកជាភ្នំភ្លើងកំណាចមួយ ដែលមានទីតាំងស្ថិតនៅលើកោះ Krakatau ប្រទេសឥណ្ឌូនេស៉ី ។

កាលពីថ្ងៃទី ២៧ ខែសីហាឆ្នាំ ១៨៨៣ មនុស្សប្រមាណ ៣៦០០០ នាក់បានបាត់បង់ជីវិតដោយសារតែបន្ទុះភ្នំភ្លើងមួយនេះ ហើយវាក៏ជាការផ្ទុះភ្នំភ្លើងដែលសាហាវបំផុតមួយក្នុងលោកផងដែរ ដែលព្រឹត្តិការណ៍នេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយគេក៏ចាត់ទុកវាជាភ្នំភ្លើងដែលកំណាចបំផុតចាប់តាំងពីពេលនោះមក ។ ហើយកាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៤ វាក៏បានផ្ទុះសារជាថ្មីម្ដងទៀត ។

៩ ភ្នំភ្លើង Bromo ឬ Gunung Bromo

Bromo គឺជាភ្នំភ្លើងមួយដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃកោះ Java ប្រទេសឥណ្ឌូនស៉ី ។ ភ្នំភ្លើងមួយនេះមានកំពស់ ២៣២៩ ម៉ែត្រ ប៉ុន្តែកំពូលរបស់វាគឺមិនស្រួចនោះទេ ដែលជាហេតុធ្វើឲ្យអ្នកទេសចរណ៍ជាច្រើនចាប់អារម្មណ៍ទៅលេងកម្សន្ត ។

ការពិតទៅឈ្មោះ Bromo នេះគឺក្លាយចេញពីពាក្យថា “Brahma” របស់ជនជាតិជ្វា ដែលជាឈ្មោះរបស់អទិទេពមួយអង្គក្នុងសាសនាហិណ្ឌូ ។ រៀងរាល់ខែធ្នូ ប្រជាជនដែលជាជនជាតិដើមនៅទីនោះតែងតែប្រារព្ធធ្វើពិធីមួយដែលមានឈ្មោះថា Yadnya Kasada ហើយនៅក្នុងពិធីគេតែងតែឡើងលើកំពូលភ្នំដើម្បីបោះផ្កា ឬ សត្វពាហនៈ ចូលទៅក្នុងរណ្ដៅភ្នំភ្លើងនោះ ។

១០  ភ្នំភ្លើង Merapi

Merapi គឺជាភ្នំភ្លើងមួយដែលមានទីតាំងស្ថិតនៅចំកណ្ដាលកោះ Java វាគឺជាភ្នំភ្លើងមួយដែលកាចសាហាវមួយក្នុងចំណោមភ្នំភ្លើងជាច្រើននៅឥណ្ឌូនេស៉ី ។ កាលពីឆ្នាំ ១៩៩៤ ការផ្ទុះរបស់វាបានសម្លាប់មនុស្សប្រមានជាង ៧០ នាក់ ខណៈដែលការផ្ទុះកាលពីឆ្នាំ ១៩៣០ បានសម្លាប់មនុស្ស ១៣០០ នាក់ ហើយការផ្ទុះចុងក្រោយបំផុត របស់ភ្នំភ្លើងមួយនេះគឺកើតឡើងកាលពីខែមេសា ឆ្នាំ ២០១៤ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថាបច្ចុប្បន្ននេះភ្នំភ្លើងចំនួន ២ គឺកំពុងតែមានសកម្មភាពយ៉ាងខ្លាំងគឺ

១  Mayon ៖ គឺជាភ្នំភ្លើងមួយដែលមានកំពស់ ២៤៦២ ម៉ែត្រ វាមានទីតាំងស្ថិតនៅកោះ Luzon ភាគខាងជើងនៃប្រទេសហ្វីលីពីន ។ ភ្នំភ្លើងមួយនេះទើបតែចាប់ផ្ដើមផ្ទុះកាលពីថ្ងៃទី ១៤ ខែមករាឆ្នាំ ២០១៨ នេះតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះវានៅតែបន្តសកម្មភាពមិនទាន់រលត់នៅឡើយទេ ។

២ Sinabung គឺជាភ្នំភ្លើងដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៉ី ហើយវាគឺជាភ្នំភ្លើងដែលសកម្មបំផុតមួយ ។ ចាប់តាំងពីឆ្នាំ ២០១០ មកវាបានក្លាយជាភ្នំភ្លើងដែលផ្ទុះញឹកជាងគេបំផុតគឺផ្ទុះស្ទើរតែរៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ ២០១៣ និង ២០១៤ វាបានផ្ទុះក្នុងមួយឆ្នាំរហូតដល់ទៅ ៣ ដងឯណោះ ។  កាលពីកំឡុងខែមេសា ឆ្នាំ ២០១៧ ភ្នំភ្លើងមួយនេះបានធ្វើសកម្មភាពខ្លាំងខ្លាជាថ្មី រហូតដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៧ ដដែល បន្ទុះដ៏ខ្លាំងក្លាមួយក៏បានកើតឡើង ហើយមកដល់បច្ចុប្បន្ននេះវាមិនទាន់រលត់នៅឡើយទេ ៕

ប្រភព ៖ wtfintheworld , Wikipedia , abs-cbnexpress

Loading...
SHARE