ខ្សែភាពយន្តរន្ធត់គឺជាចំណីចក្ខុមួយដែលញ៉ាំងអារម្មណ៍អ្នកទស្សនាឲ្យរន្ធត់ញាប់ញ័រ ដកដង្ហើមស្ទើរតែដកមិនដល់គ្នា ស្ទើរគ្រប់ឈុត ជាពិសេសឈុតពញ្ញាក់អារម្មណ៍ជាដើម ។ ក្នុងចំណោមខ្សែភាពយន្តបែបរន្ធត់ទាំងនោះមួយចំនួនគឺជាការស្រមើស្រមៃរបស់អ្នកនិពន្ធ មួយចំនួនទៀតត្រូវបានដកស្រង់ចេញពីសៀវភៅប្រលោមលោក ប៉ុន្តែតើអ្នកមានដឹងទេថា ខ្សែភាពយន្តខ្លះគឺត្រូវបានផលិតដោយពឹងផ្អែកលើរឿងពិតដែលកើតឡើងកាលពីអតីតកាល ។

អ្នកប្រហែលជាងចង់ដឹងហើយថា ខ្សែភាពយន្តបែបរន្ធត់ណាខ្លះដែលត្រូវបានផលិតដោយពឹងផ្អែកលើរឿងរ៉ាវពិត បើចង់ដឹង តោះតាមដានទាំងអស់គ្នាជាមួយនឹង ចង់ដឹង ៖

១ រឿង The Serpent and the Rainbow (1988)

សាច់រឿង ៖ នរវិទូម្នាក់មកពីសកវិទ្យាល័យ Harvard បានធ្វើដំណើរទៅកាន់ប្រទេសហៃទី ដើម្បីយកម្យ៉ៅម្យ៉ាងដែលអាចរំងាប់អារម្មណ៍ ក៏ដូចជាទប់ស្កាត់មុខងារម៉ូទ័រនៅក្នុងរាងកាយមនុស្ស ។

រឿងពិត ៖ ខ្សែភាពយន្តមួយនេះត្រូវបានដកស្រង់ចេញពីសៀវភៅ The Serpent and the Rainbow របស់លោក Davis Wade ដែលបានសរសេររៀបរាប់ពីរឿងរ៉ាងបែបវិទ្យាសាស្ត្រ និងរឿងរ៉ាវដ៏គួរឲ្យភ័យខ្លាចដែលគាត់បានជួបប្រទះនៅក្នុងជីវិតរបស់គាត់ ក៏ដូចជាបទពិសោធន៍ទាក់ទងទៅនឹងដំណើរនៃការវិវត្តន៍ទៅជា Zoombie ផងដែរ ។

២ The Mothman Prophecies (2002)

សាច់រឿង ៖ អ្នកនិពន្ធម្នាក់ឈ្មោះ Klein និងភរិយារបស់គាត់ដែលមានឈ្មោះថា Mary មានគម្រោនឹងទិញផ្ទះមួយ  ប៉ុន្តែក្រោយមកពួកគេក៏បានជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីពួកគេបានទៅមើលផ្ទះមួយកន្លែង ។ ម៉ារីបានអះអាងថានាងបានឃើញសត្វចម្លែក។

រឿងពិត ៖ ខ្សែភាពយន្តនេះត្រូវបានផលិតទៅតាមសៀវភៅរបស់លោក John Keel ដែលជាសៀវភៅដែលគាត់បានស្រាវជ្រាវអំពីសត្វចម្លែកដែលមានឈ្មោះថា Mothman  ។ ដោយយោងតាមជំនឿរបស់ប្រជាជនក្នុងរដ្ឋ West Virginia សហរដ្ឋអាមេរិក បានឲ្យដឹងថាគេបានប្រទះឃើញ Mothman ចុងក្រោយបំផុតគឺមុនពេលដែលស្ពាន Silver Bridge ត្រូវបានបាក់ ដែលហេតុការណ៍នោះបានសម្លាប់មនុស្ស ៤៦ នាក់ ។

៣ Monster (2003)

សាច់រឿង ៖ Aileen Wuornos គឺជាស្រីពេស្យាម្នាក់ដែលត្រូវបានគេវាយដំនិងរំលោភក្នុងអំឡុងពេលជួបជាមួយអតិថិជនម្នាក់។ ដោយសារតែបែបនេះនាងក៏បានសំលាប់អតិថិជនដោយកាំភ្លើងដែលនាងបានលាក់នៅក្នុងកាបូបរបស់នាង។ បន្ទាប់នោះមក  Aileen ក៏ចាប់ផ្តើមសម្លាប់អតិថិជនទាំងអស់ដែលនាងគិតថាសមនឹងស្លាប់ ប៉ុន្តែមិនសម្លាប់មនុស្សល្អនោះ។

រឿងពិត ៖ ខ្សែភាពយន្តនេះគឺជារឿងពិតរបស់ Aileen Wuornos  ដែលនាងត្រូវបានគេផ្តន្ទាទោសលើករណីឃាតកម្មចំនួន ៦ ហើយនាងត្រូវបានគេប្រហារជីវិតកាលពីថ្ងៃទី 9 ខែតុលាឆ្នាំ 2002 ។

៤ An American Haunting (2005)

សាច់រឿង ៖ សុភមង្គល និង ការគោរព ត្រូវបានរលាយសាបសូន្យពីជីវិតគ្រួសាររបស់ Bell ដោយសារតែបណ្ដាសារមួយ ។ នៅក្នុងគ្រួសារមានខ្មោចមួយបានព្យាយាមសម្លាប់សមាជិកម្នាក់នៃគ្រួសារលោក Bell ។

រឿងពិត ៖ ខ្សែភាពយន្តនេះត្រូវបានដកស្រង់ចេញពីសៀវភៅចំនួន ៣៥ ក្បាលរៀបរាប់ពីគ្រួសារមួយដែលត្រូវបានវិញ្ញាណចម្លែកមកយាយី ។ វិញ្ញាណបានរំខានដល់គ្រួសារលោក Bell អស់ជាច្រើនឆ្នាំ ជាចុងក្រោយលោកក៏បានបាត់បង់ជីវិត ហើយការស្លាប់របស់លោកគឺជាករណីតែមួយគត់នៅក្នុងសហរដ្ឋអាមេរិកដែលគេបានកត់ត្រាថាស្លាប់ដោយសារតែខ្មោចលង ។

៥ រឿង The Amityville Horror (2005)

សាច់រឿង ៖ ប្ដីប្រពន្ធដែលទើបនឹងរៀបការរួចដែលមានកូនៗចំនួន ៣ នាក់ បានរើទៅរស់នៅក្នុងផ្ទះមួយ ។ តម្លៃផ្ទះដែលពួកគេបានទិញនោះគឺពិតជាថោកខ្លាំងណាស់ដែលធ្វើឲ្យពួកគេសម្រេចចិត្តទិញដោយគ្មានស្ទាក់ស្ទើរទាំងដែលមិនបានដឹងថាម្ចាស់ផ្ទះមុនគឺបានស្លាប់យ៉ាងរន្ធត់ ។ ក្រោយរស់នៅក្នុងផ្ទះនោះគ្រួសារមួយនេះក៏បានជួបនឹងរឿងហេតុចម្លែកៗជាច្រើន

រឿងពិត ៖ នៅថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 1974 លោក Ronald DeFeo បានសម្លាប់ឪពុកម្តាយបងប្អូនស្រី 2 នាក់និងបងប្អូនប្រុស 2 នាក់ ។  ទោះបីជាមានព័ត៌មានលំអិតពីអាថ៌កំបាំងក៏ដោយក៏ DeFeo ត្រូវបានផ្តន្ទាទោសចំនួន ៦ ករណី ដោយក្នុងមួយករណីត្រូជាប់ពន្ធនាគារចំនួន 25 ឆ្នាំ (សរុប 150 ឆ្នាំ) ។

៦  រឿង An American Crime (2007)

សាច់រឿង ៖ ឪពុកម្ដាយរបស់ក្មេងស្រីពីរនាក់គឺ Silvia និង Jenny បានសម្រេចចិត្តចាកចេញពីផ្ទះទៅស្វែងរកប្រាក់នៅកន្លែងឆ្ងាយ ហើយឪពុកម្ដាយរបស់ក្មេងស្រីទាំង ២ បានជួលស្ត្រីម្នាក់ឈ្មោះថា Gertrude Baniszewski ឲ្យមើលថែកូនៗរបស់ខ្លួនក្នុងតម្លៃ ២០ ដុល្លារក្នុងមួយសប្ដាហ៍ ។ ប៉ុន្តែក្រោយមកដោយសារតែឪពុកម្ដាយរបស់ Silvia និង Jenny បានយឺតយ៉ាវក្នុងការបង់ប្រាក់ឈ្នូលអស់ពីសប្ដាហ៍ Gertrude បានខឹងសប្បារនឹងធ្វើទារុណកម្មយ៉ាងឃោឃៅទៅលើក្មេងស្រីទាំង ២ ។

រឿងពិត ៖ ឃាតកម្មទៅលើក្មេងស្រី Sylvia Likens គឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅបំផុតដែលបានកើតឡើងនៅក្នុងរដ្ឋ Indiana  សហរដ្ឋអាមេរិក ។ ជនល្មើសនៅក្នុងឃាតកម្មគឺជាលោកស្រី Gertrude Baniszewski ដែលជាអ្នកស៉ីឈ្នួលមើលថែ Sylvia Likens និង Jenny Likens រួមជាមួយនឹងកូនប្រុសស្រី ២ នាក់ ហើយក៏មានការសហការណ៍ដោយអ្នកជិតខាងងដែលជាយុវជនពេញវ័យ ២ នាក់ផងដែរ ។ ដោយពួកគេបានវាយធ្វើបាប Sylvia រហូតដល់បាត់បង់ជីវិត ។

៧ Changeling (2008)

សាច់រឿង ៖ បន្ទាប់ពីការបាត់ខ្លួនកូនប្រុសរបស់លោកស្រី Christine ដែលមានឈ្មោះថា Walter Collins ប៉ូលីសរកឃើញក្មេងប្រុសម្នាក់ប៉ុន្តែនៅពេលនាំលោកស្រី Chrisitine ទៅជួប គាត់បាននិយាយថានោះមិនមែនជាកូនប្រុសរបស់គាត់នោះទេ។ លោក Christine ក៏ចាប់ផ្ដើមអស់សង្ឃឹមហើយសុំឱ្យអ្នកកាសែតជួយនាងក្នុងការស្វែងរកកូនប្រុស និងស្នើស៉ំរដ្ឋាភិបាលដើម្បីជួយ។ ប៉ុន្តែការស្នើរស៉ំនោះហាក់មិនមានការចាប់អារម្មណ៍នោះទេពីសំណាក់រដ្ឋភិបាល ដូច្នេះលោកស្រីក៏ត្រូវបានហៅថាអ្នកម្ដាយពភ្លីពភ្លើ ដែលព្យាយាមធ្វើរឿងឆ្កួតៗ។

រឿងពិត ៖ ឃាតកម្មនៅក្នុងទ្រុងចិញ្ចឹមមាន់ Wineville (The Wineville chicken coop murders) គឺជាឃាតកម្មនៃការចាប់ខ្លួន និងសម្លាប់ក្មេងៗដ៏សាហាវបំផុតមួយនៅក្នុងទីក្រុង Los Angeles ។ ហើយឃាតករបានប្រើប្រាស់ម្សៅ កាលស្យូមអុកស៉ីដ ដើម្បីរំលាយសាកសព ហើយបំណែកនៃសាកសពដែលនៅសល់គឺគេបានកប់វានៅលើដីនៃកសិដ្ឋាននោះ ។

ក្រោយប៉ូលិសរកឃើញកន្លែងកប់សាកសពទាំងនោះ គេក៏បានធ្វើការសន្និដ្ឋាននូវអត្តសញ្ញាណរបស់សាកសពទាំងនោះ ដោយនៅក្នុងនោះក៏មានក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Walter Collins ផងដែរ។

៨ រឿង Shadow People (The Door) (2013)

សាច់រឿង ៖ នៅក្នុងកំឡុងពេលនៃការផ្សាយផ្ទាល់កម្មវិធីជជែកកម្សាន្តនៅក្នុងប៉ុស្តិ៍វិទ្យុមួយ បុរសចម្លែកម្នាក់បានរៀបរាប់ពីរឿងស្រមោលមួយដែលបានចូលទៅក្នុងផ្ទះ និងសម្លាប់មនុស្សជាច្រើន ។

រឿងពិត ៖ ខ្សែភាពយន្តនេះត្រូវបានដកស្រង់ចេញពីរឿងរ៉ាវបាតុភូតស្រមោលមនុស្ស ឬ Shadow person ដែលជាអបិយជំនឿមួយរបស់ប្រទេសលោកខាងលិច ។ រឿងនេះក៏បានកើតឡើងទៅលើស្ត្រីម្នាក់ផងដែរ ដោយនាងតែងតែមានអារម្មណ៍ថាមានស្រមោលមួយដែលតែងតែដើរតាមនាង ។ នៅពេលកំពុងសម្រាក់ព្យាបានជំងឺផ្លូវចិត្ត ក្រុមគ្រូពេទ្យបានប្រគល់ក្រដាសមួយសន្លឹកឲ្យនាងអាន ប៉ុន្តែនាងបាននិយាយថាខ្មោចបានព្យាយាមទាញក្រដាសនោះពីនាង ។

៩ រឿង The Conjuring (2013) និង រឿង Annabelle

សាច់រឿង Annabelle ៖ នៅក្នុងឆ្នាំ ១៩៦៧ ក្នុងទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិក វេជ្ជបណ្ឌិតម្នាក់ដែលមានឈ្មោះថា John Form បានបង្ហាញភរិយារបស់លោកដែលមានឈ្មោះថា Mia នូវតុក្កតាប៉កសឺឡែន ដ៏កម្រមួយ ដែលគាត់ទុកជាអំណោចកូនដំបូងរបស់ពួកគាត់ ។ នៅយប់ដែលយកតុក្កតានោះចូលផ្ទះរឿងហេតុចម្លែកៗជាច្រើនក៏បានកើតឡើង ។

សាច់រឿង The Conjuring (2013) ៖ គ្រួសាររបស់លោក Perrons បានធ្វើការប្ដូរទៅរស់នៅក្នុងផ្ទះថ្មីមួយជាមួយនឹងកូនស្រីទាំង ៥នាក់ ហើយបន្ទាប់មកពួកគេបានដឹងថានៅក្នុងផ្ទះនោះមិនមែនមានតែគ្រួសារពួកគេរស់នៅនោះទេ ។ នៅពេលរស់នៅក្នុងផ្ទះនោះប្ដីប្រពន្ធលោក Perrons រួមជាមួយនឹងកូនៗ បានជួបនូវរឿងហេតុចម្លែកៗដូចជា មានអ្នកខ្ទប់ទ្វា ពួកគេមានអារម្មណ៍ត្រជាក់ចុងដៃចុងជើង ហើយក៏មានធំក្អិនស្អុយខុសពីធម្មតា ហើយនិងបានឃើញបិសាចនៅក្នុងកញ្ចក់ផងដែរ ។ ក្រោយមកពួកគេក៏បានពឹងពាក់លោក Warrens ឲ្យជួយបណ្ដេញខ្មោចព្រាយបិសាចនោះ ។

រឿងពិត ៖ ភាពយន្តទាំងពីនេះសុទ្ធតែដកស្រង់ចេញពីរឿងពិតដែលគ្រួសារគ្រូចាប់ខ្មោចលោក Edward Warren Miney និងភរិយា Lorraine Warren បានជួបប្រទះ ហើយជារឿងហេតុដែលប្ដីប្រពន្ធទាំង ២ នេះបានដោះស្រាយផងដែរ ៕

ប្រភព

Loading...
SHARE