មនុស្សជាតិភ្ញាក់ខ្លួនព្រើត ពេលឃើញរូបខ្លាឃ្មុំទឹកកកនេះ (មានវីដេអូ)

នៅពេលគេនិយាយពីផលប៉ះពាល់របស់ការផ្លាស់ប្តូរអាកាសធាតុនៅលើផែនដី មនុស្សជាច្រើនមិនយល់ពីផលវិបាកធ្ងន់ធ្ងររបស់បាតុភូតនេះទេ ទាល់តែមានភស្តុតាងជាក់ស្តែងបង្ហាញឱ្យឃើញពីផលប៉ះពាល់នោះ ដែលគេមិនអាចថាមិនខ្វល់បានទៀតនោះទេ។ ភស្តុតាងនៃផលប៉ះពាល់ពីការផ្លាស់ប្តូរអាកាសធាតុនេះ មាននៅជុំវិញយើងទាំងអស់គ្នា ជាក់ស្តែងដូចជារូបថតរបស់ខ្លាឃ្មុំទឹកកកដែលទ្រុឌទ្រោមដោយសារគ្មានអ្វីស៊ី កំពុងដើរយ៉ាងលំបាកវេទនានៅលើដីដែលគ្មានទឹកកក។

រូបថតជាច្រើនរបស់ខ្លាឃ្មុំទឹកកកនេះត្រូវបានថតដោយ Cristina Mittermeier និង Paul Nicklen ដែលជាអ្នកថតរូបរបស់ National Geographic និងជាស្ថាបនិកសមាគម Sea Legacy។ មើលដំបូងមួយភ្លែត វាដូចជាខ្លាឃ្មុំទឹកកកវ័យចំណាស់ដែលស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់វា ប៉ុន្តែតាមពិតទៅរូបថតនេះជាភស្តុតាងបង្ហាញឱ្យឃើញនូវសត្វមួយស្ថិតក្នុងស្ថានភាពខ្វះជីវជាតិចិញ្ចឹមធ្ងន់ធ្ងរ។

នៅក្នុងវីដេអូដែលថតដោយ Paul Nicklen នេះអ្នកអាចមើលឃើញខ្លាឃ្មុំទឹកកកដើរយ៉ាងលំបាកនៅលើដីដែលគ្មានទឹកកកដោយសារតែកង្វះថាមពល ដែលបណ្តាលមកពីកង្វះអាហារ។ យោងតាមអង្គការ Polar Bears International មានខ្លាឃ្មុំទឹកកកតិចជាង ២៥,០០០ក្បាលនៅសល់។

អាហាររបស់ខ្លាឃ្មុំទឹកកកគឺសាច់ឆ្មាទឹក ហើយពួកវាពឹងផ្អែកលើផ្ទាំងទឹកកកសមុទ្រដើម្បីប្រម៉ាញ់សត្វឆ្មាទឹក និងថនិកសត្វសមុទ្រផ្សេងទៀត។ ប៉ុន្តែស្រទាប់ទឹកកកទាំងនោះបានបាត់បង់យ៉ាងលឿន ហើយមូលហេតុចម្បងគឺការប្រែប្រួលអាកាសធាតុ។ ដូចនេះ យើងទាំងអស់គ្នាគួរស្វែងរកវិធីធ្វើឱ្យផែនដីល្អប្រសើរ ជំនួសឱ្យការបំពុលនិងបំផ្លាញផែនដី។ បើផែនដីនៅតែបន្តក្តៅនោះ យើងនឹងអាចបាត់បង់ខ្លាឃ្មុំទឹកកក។

ប្រភព៖ Ancient-code 

Loading...
SHARE