នៅពេលគេនិយាយពីការប្តឹងផ្តល់ គេប្រាកដជាគិតដល់រឿងរ៉ាវធ្ងន់ធ្ងរដែលឈានទៅដល់ការតវ៉ាគ្នានៅក្នុងតុលាការដើម្បីទាមទាររកយុត្តិធម៌។ យ៉ាងណាក៏ដោយ មិនមែនគ្រប់រឿងក្តីដែលប្តឹងចូលទៅតុលាការសុទ្ធសឹងជារឿងក្តីធ្ងន់ធ្ងរទាំងអស់នោះទេ ពោលគឺមានរឿងក្តីមួយចំនួនបែរជាមានលក្ខណៈគួរឱ្យអស់សំណើចទៅវិញ ដោយមិននឹកស្មានថានឹងមានមនុស្សដាក់ពាក្យបណ្តឹងបែបនោះ។ ជាក់ស្តែងដូចជា ពាក្យបណ្តឹងដែលគួរឱ្យអស់សំណើចបំផុតទាំង១០ខាងក្រោមនេះ។

10. ការប្តឹងពីការលួចទឹកកាមបុរស

នៅឆ្នាំ១៩៩៨ បុរសម្នាក់មកពីAlbuquerque បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតមិត្តស្រីថាបានយកទឹកកាមរបស់ខ្លួនទៅប្រើដោយគ្មានការអនុញ្ញាត។ ដើមបណ្តឹង Peter Wallis បានប្តឹងចុងបណ្តឹង Kellie Smith ពីបទបំពានកិច្ចសន្យាដោយបានប្រើប្រាស់ដោយមិនត្រឹមត្រូវនូវទឹកកាមរបស់ខ្លួន។ តាម Wallis នាង Smith បានប្រាប់ថានឹងប្រើថ្នាំការពារ ប៉ុន្តែក្រោយមកនាងបានឈប់ប្រើដោយចេតនាដើម្បីអាចមានកូន ដូច្នោះហើយគាត់ក៏មានកូនដោយមិនបានព្រមព្រៀង។ ចំណែកខាងនាង Smith វិញបានលើកថា វាមិនមែនជាការលួច ព្រោះវាត្រូវបានផ្តល់ដោយស្ម័គ្រចិត្តនោះវាជាអំណោយដែល Wallis គ្មានសិទ្ធិលើទឹកកាមនោះទៀតទេ។ ទីបំផុតនាង Smith បានឈ្នះក្តី។

9. ការប្តឹងMcDonald’s

នៅឆ្នាំ១៩៩២ លោកយាយ Stella Liebeck អាយុ ៧៩ឆ្នាំ រស់នៅ Albuquerque បានកម្ម៉ង់កាហ្វេនៅហាង McDonald’s មួយ។ កាហ្វេត្រូវបានដាក់នៅក្នុងកែវដែលមានគម្របប្លាស្ទិក។ គាត់បានបើកគម្របដើម្បីដាក់បន្ថែមក្រែម និងស្ករ ហើយក៏កំពប់កាហ្វេលើភ្លៅ។ ដោយសារតែវាជាកាហ្វេក្តៅ ហើយខោរបស់គាត់ស្រូបកម្តៅផងនោះ ក៏ធ្វើឱ្យរលាកភ្លៅត្រូវចូលមន្ទីរពេទ្យដេកសម្រាក៨ថ្ងៃ។ គាត់បានប្តឹងប្រឆាំង​ McDonald’s ឱ្យដោះស្រាយថ្លៃចំណាយព្យាបាល២០,០០០ដុល្លារ និងថ្លៃផ្សេងទៀត។ បន្ទាប់ពីការតវ៉ាក្តីនៅតុលាការ ចុងក្រោយលោកយាយក៏ទទួលបានសំណង។

8. ការប្តឹងចំពោះការបំពានច្បាប់រូបសាស្រ្ត

នៅឆ្នាំ២០០៥ Christopher Roller ប្រជាជននៅ Minnesota បានប្តឹងប្រឆាំងនឹងអ្នកថ្ពិនភ្នែក David Copperfield ព្រោះតែលោកជឿថា ខ្លួនជាអាទិទេព ហើយសកម្មភាពរបស់អ្នកលេងវេទមន្តថ្ពិនភ្នែកជាច្រើនគឺកើតចេញពីការលួចថាមពលរបស់ខ្លួន ហើយប្រើប្រាស់វាដោយមិនសមស្របដើម្បីសម្តែងវេទមន្ត។ ក្នុងពេលវិវាទ Roller បានលើកឡើងថា លោកនឹងដកពាក្យបណ្តឹងប្រសិនបើ Copperfield អាចបញ្ជាក់អះអាងពីរបៀបដែលខ្លួនសម្តែងវេទមន្តដោយមិនប្រើថាមពលព្រះ។

7. ការប្តឹងប្រឆាំង Victoria’s Secret

នៅឆ្នាំ២០០៨ នាង Macrida Patterson អាយុ ៥២ឆ្នាំ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការលក់រាយរបស់ Victoria’s Secret ។ ដើមបណ្តឹងបានអះអាងថា ភ្នែករបស់ខ្លួនរងផលប៉ះពាល់ដោយសារការប្រើប្រាស់ផលិតផលរបស់ចុងបណ្តឹង។ មេធាវីដើមបណ្តឹងបានលើកឡើងថា ការប្តឹងមិនមែនសំខាន់រឿងលុយនោះទេ ប៉ុន្តែចង់ឱ្យអ្នកលក់រាយដឹងថា ខ្លួនត្រូវទទួលខុសត្រូវចំពោះផលិតផលដែលខ្លួនលក់។

6. ការប្តឹងដោយសារការងារគួរឱ្យធុញទ្រាន់ខ្លាំងពេក

នៅឆ្នាំ២០១៦​ បុរសជនជាតិបារំាងម្នាក់ឈ្មោះ Frederic Desnard បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងចាហ្វាយរបស់ខ្លួនដោយមូលហេតុនៃការប្តឹងគឺ ការងារគួរឲ្យធុញទ្រាន់ខ្លាំងពេក ដោយប្រើឃ្លា “descent into hell” និង “nightmare” បង្ហាញពីកម្រិតនៃភាពធុញទ្រាន់នៃការងារនោះ។

5. ការប្តឹងចំពោះការព្យាករណ៍អាកាសធាតុខុស

ស្រ្តីជនជាតិអ៊ីស្រាអែលម្នាក់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកផ្សព្វផ្សាយពីអាកាសធាតុក្នុងទូរទស្សន៍ម្នាក់ចំពោះភាពថ្លោះថ្លោយ។ បន្ទាប់ពីលឺថា អាកាសធាតុស្រឡះល្អ នាងបានស្លៀកពាក់ស្តើងចេញក្រៅ តែបែរជាត្រូវជួបនឹងព្យុះ ហើយកើតផ្តាសាយខកខានទៅធ្វើការរយៈពេល៤ថ្ងៃ។ នាងបានប្តឹងទាមទារសំណង និងទាមទារឱ្យមានការសុំទោសពីអ្នកផ្សាយអាកាសធាតុនោះ។

4. ការប្តឹងផ្តល់ពាក់ព័ន្ធនឹងក្លិនជើង

នៅឆ្នាំ១៩៩៩ សិស្សជនជាតិហូឡង់ម្នាក់ឈ្មោះ Teunis Tenbrook ត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យ Erasmus ដោយសារតែក្លិនជើងរបស់លោក។ ក្លិនជើងរបស់លោកធ្វើឲ្យសិស្សដទៃនិងគ្រូមិនអាចផ្តោតអារម្មណ៍លើការរៀន ហើយមិនអាចទ្រាំនឹងនៅក្បែរលោកទៀត។ លោក Tenbrook បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសាលានេះទៅកាន់តុលាការដើម្បីឲ្យខ្លួនអាចចូលរៀនបានដូចដើម។ បន្ទាប់ពីការតវ៉ាក្តីរយៈពេល១០ឆ្នាំ លោកក៏ឈ្នះក្តី។

3. ការប្តឹងផ្តល់ចំពោះភាពរប៉ិលរប៉ូចរបស់ស្ថានីយ៍វិទ្យុ

នៅឆ្នាំ២០០០ នាង Catherine McGowan បានខលចូលស្ថានីយ៍វិទ្យុដើម្បីចូលរួមប្រកួតឈ្នះរង្វាន់រថយន្ត Renault Clio ថ្មីស្រឡាងមួយគ្រឿង ប៉ុន្តែនាងមិនដឹងថាតាមពិតទៅរង្វាន់ដែលស្ថានីយ៍វិទ្យុសំដៅដល់គឺជារថយន្តតុក្កតាក្មេងលេង។ ដូចនេះហើយនាងមានអារម្មណ៍ក្រោធខឹង និងអាម៉ាស់យ៉ាងខ្លាំង ហើយក៏ដាក់ពាក្យបណ្តឹងប្រឆាំងនឹងស្ថានីយ៍វិទ្យុ។ ទីបំផុតនាងបានឈ្នះក្តី។

2. ការប្តឹងចំពោះពិធីបុណ្យ Halloween ដែលគួរឲ្យខ្លាចពេក

រៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ចូលរួមក្នុងកម្មវិធី Halloween Horror Night ដ៏ល្បីរបស់ Universal Studios ដោយពួកគេនឹងទទួលបានអារម្មណ៍ភ័យខ្លាច និងរន្ធត់។ ប៉ុន្តែនៅឆ្នាំ១៩៩៨ នាង Cleanthi Peters ហាក់មិនបានត្រៀមខ្លួនចំពោះភាពភ័យខ្លាចនោះ ហើយបានអះអាងថា នាងត្រូវបានបំពានពីមនុស្សឆ្កួត និងទទួលរងការខូចខាតទាំងផ្នែករាងកាយ និងសា្មរតីអាម្មណ៍ដោយសារកម្មវិធីនេះ។ ដូចនេះហើយនាងក៏បានដាក់ពាក្យបណ្តឹងទាមទារសំណង។

  1. ការប្តឹងទាក់ទងនឹងស្បែកជើង Nike

Sirgiorgio Sanford Clardy បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Nike ដោយអះអាងថា Nike គួរតែប្រាប់ជាមុនថាស្បែកជើង Air Jordans របស់ខ្លួនមានគ្រោះថ្នាក់ដូចជាអាវុធ។ Clardy ត្រូវកាត់ទោសជាប់គុក១០០ឆ្នាំ​ បន្ទាប់ពីយកជើងរបស់ខ្លួនដែលពាក់ស្បែកជើងនេះសង្កត់លើមុខរបស់បុរសម្នាក់រហូតដល់រងរបួសត្រូវដេរ និងវះកាត់កែសម្ផស្ស។ Clardy បានប្តឹងបង្វែរការទទួលខុសត្រូវនេះទៅឱ្យ Nike វិញ ដោយ Nike មិនបានប្រាប់ពីភាពគ្រោះថ្នាក់របស់ស្បែកជើង ប៉ុន្តែយ៉ាងណា Nike ជាអ្នកឈ្នះក្តី។

ប្រភព៖ Listverse

Loading...
SHARE