ប្រទេសទាំងអស់មានភ្នាក់ងារនិងស្ថាប័នដែលគ្រប់គ្រងលើវិស័យផ្សេងៗ ជាឧទាហរណ៍ក្រសួងសេដ្ឋកិច្ច ក្រសួងការពារជាតិ ក្រសួងអប់រំ និងក្រសួងការបរទេសជាដើម។ យ៉ាងណាក៏ដោយ​ ប្រទេសមួយចំនួនមានភ្នាក់ងារនិងស្ថាប័នរដ្ឋាភិបាលចម្លែកៗដូចជា ភ្នាក់ងាររដ្ឋ និងស្ថាប័នរដ្ឋខាងក្រោមនេះ។

10. គណៈកម្មាការគ្រប់គ្រងការប្រើប្រាស់ភាសាទីក្រុងសៀងហៃ

ការបកប្រែភាសាចិនទៅភាសាអង់គ្លេសគឺជារឿងដ៏លំបាកសម្រាប់ប្រជាជនចិន ហើយពួកគេតែងមានបញ្ហាក្នុងការបកប្រែ ដោយពេលខ្លះពួកគេបកប្រែជាភាសាអង់គ្លេសមិនត្រឹមត្រូវ ឬចេញជាពាក្យដែលគួរឲ្យអស់សំណើច។ ដូចនេះហើយ នៅមុនពេលការតាំងពិព័ណ៌សៀងហៃឆ្នាំ២០១០ រដ្ឋាភិបាលសៀងហៃបានបង្កើតគណៈកម្មាការគ្រប់គ្រងការប្រើប្រាស់ភាសាទីក្រុងសៀងហៃ ដើម្បីបកប្រែរាល់ស្លាកសញ្ញា និងបញ្ជីមុខម្ហូបនៅតាមភោជនីយដ្ឋាន ដើម្បីឲ្យជនបរទេសដែលនិយាយភាសាអង់គ្លេសមិនមានការយល់ច្រឡំ។

9. GEIPAN

Groupe d’Etudes et d’Information sur les Phenomenes Aerospatiaux Non Identifies ជាភាសាបារំាងដែលមានន័យថា ក្រុមសម្រាប់ការសិក្សានិងព័ត៌មានស្តីពីវត្ថុចម្លែកៗដែលមិនអាចកំណត់អត្តសញ្ញាណបាននៅក្នុងអាកាស។ វាជាភ្នាក់ងាររដ្ឋាភិបាលបារំាងដែលត្រូវបានបង្កើតឡើងដើម្បីស្រាវជ្រាវពីវត្ថុហោះមិនអាចកំណត់អត្តសញ្ញាណបាន (UFOs)។ ភ្នាក់ងារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៧ ហើយវាស្រដៀងគ្នានឹងអង្គការ NASA ដែរ។

8. ក្រសួងបង្រួបបង្រួម

ទោះបីជាមានបញ្ហារវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងក៏ដោយ ប្រទេសទាំងពីរនៅតែមានសង្ឃឹមថានឹងអាចបង្រួបបង្រួមគ្នានៅថ្ងៃណាមួយ។ ជាការពិត នៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានទាមទារឲ្យប្រទេសកូរ៉េខាងត្បូងស្វែងរកការបង្រួបបង្រួមជាមួយនិងកូរ៉េខាងជើង ដូចនេះហើយទើបកូរ៉េខាងត្បូងបង្កើតក្រសួងបង្រួបបង្រួមដែលទទួលបន្ទុកធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង អប់រំជនជាតិកូរ៉េខាងត្បូងពីសារៈប្រយោជន៍នៃការបង្រួបបង្រួម និងបង្កើតគោលនយោបាយដែលឈានទៅរកការបង្រួបបង្រួម។

7. ការិយាល័យការពារផែនដី

ការិយាល័យនេះជាផ្នែកមួយនៃអង្គការ NASA ដែលវាទទួលខុសត្រូវរារាំងមិនឲ្យសរីរាង្គនៅទីលំហខាងក្រៅមកធ្វើឲ្យផែនដីមានមេរោគ ឬមានបញ្ហា។ ការិយាល័យនេះមានមន្ត្រីទទួលបន្ទុកការងារចាប់តាំងពីសន្ធិសញ្ញាស្តីពីទីលំហខាងក្រៅត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៦៧។

6. គណៈអ្នកជំនាញផ្នែកតែ (Board of Tea Experts)

ក្រឹត្យច្បាប់ស្តីពីការនាំចូលតែឆ្នាំ១៨៩៧ បានតម្រូវឲ្យតែទាំងអស់ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិក ត្រូវបានភ្លក់សាកល្បងដើម្បីធានាថាវាឆ្លើយតបនឹងបទដ្ឋានរសជាតិ និងក្លិន។ ដូចនេះ រដ្ឋាភិបាលអាមេរិកក៏បានបង្កើតគណៈអ្នកជំនាញផ្នែកតែនេះឡើង។

5. ការិយាល័យឆ្មាំយាម (Office of Yeoman Warders)

Tower of London ត្រូវបានយាមដោយ Yeoman Warders តាំងពីវាត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ដែលពេលនោះវាត្រូវបានប្រើធ្វើជាគុក។​ ពួកគេត្រូវបានតែងតាំងឡើងដើម្បីថែទាំសត្វក្អែកនៅប៉មប្រាសាទនេះ ដែលមានវត្តមានតាំងពីសម័យស្តេច Charles II។ សព្វថ្ងៃនេះ Yeoman Warders ជាអតីតមន្រ្តីទាហានដែលបម្រើការដូចជាមគ្គុទេសក៏ទេសចរណ៍។

4. ការិយាល័យកែប្រែអាកាសធាតុប៉េកំាង

ការិយាល័យរបស់ប្រទេសចិនមួយនេះត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងអាកាសធាតុ។ ភ្នាក់ងាររដ្ឋមួយនេះគ្រប់គ្រងភ្លៀងដែលសម្រេចកំណត់ពីពេលវេលា និងទីកន្លែងដែលវាគួរធ្លាក់ភ្លៀង។ ភ្នាក់ងារអាចគ្រប់គ្រងបានដោយបាញ់គ្រីសស្តាល់ទៅក្នុងពពកដើម្បីជំរុញឲ្យមានភ្លៀងតាមបែបសិប្បនិម្មិត។ ភ្នាក់ងារនេះមានបុគ្គលិកពេញម៉ោង និងបុគ្គលិកក្រៅម៉ោងជាង៣២,០០០នាក់។

3. ការិយាល័យអ្នកចំណាំក្ងាន និងការិយាល័យអ្នកយាមក្ងាន

ក្នុងសតវត្សទី១២ ស្តេចអង់គ្លេសបានចេញច្បាប់ដែលរក្សាទុកនូវសត្វក្ងានទាំងអស់នៅម្តុំទន្លេ Thames សម្រាប់ការប្រើប្រាស់ផ្តាច់មុខរបស់ស្តេច ហើយច្បាប់នេះនៅបន្តដល់បច្ចុប្បន្ន។ ជារៀងរាល់ឆ្នាំ ស្តេចបានរៀបចំព្រឹត្តិការណ៍ Swan Upping ហើយសត្វក្ងានត្រូវបានចាប់យកមករាប់ បិទស្លាកសម្គាល់ និងពិនិត្យមើលជម្ងឺ ដែលការងារនេះត្រូវបានធ្វើដោយក្រុមហ៊ុន Vintners’ និងក្រុមហ៊ុន Dyers’ Livery និងស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យទាំងពីរខាងលើ។

2. គណៈកម្មាធិការសម្រាប់ការលើកកម្ពស់គុណធម៌ និងបង្ការបាបធម៌

គណៈកម្មាធិការនេះជាភ្នាក់ងាររបស់រដ្ឋាភិបាល Saudi Arabia ដែលទទួលខុសត្រូវធានាថា គ្មានអ្នកណាលក់ ឬប្រើប្រាស់ថ្នាំញៀន ឬគ្រឿងស្រវឹង ស្ត្រីស្លៀកពាក់បានសមរម្យ បុរសទៅព្រះវិហារ សមាជិកដែលមិនទាន់រៀបការនិងមានភេទផ្ទុយគ្នានៅដាច់ដោយឡែកពីគ្នា គ្មានអ្នកណាដើរហែរក្បួននៅតាមទីសាធារណៈ និងគ្មានអ្នកណាប្រព្រឹត្តអំពើអាបធ្មប់។

  1. ផ្នែកទទួលបន្ទុករូបិយវត្ថុខូចខាត (Mutilated Currency Division)

វាជាភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកដែលទទួលខុសត្រូវក្នុងការជំនួសលុយដុល្លារដែលរងការខូចខាតខ្លាំងដោយឥតគិតថ្លៃ។ ភ្នាក់ងារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៦ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ United States Bureau of Engraving and Printing (ការិយាល័យផលិតលុយអាមេរិក)។ ភ្នាក់ងារនេះបានជួបនូវក្រដាសប្រាក់ដែលខូចខាតជាច្រើនយ៉ាង រួមទាំងលុយដែលឆេះ លុយដុះផ្សិត លុយស្អុយប្រឡាក់ដី ឬសូម្បីតែផ្នែកនៃលុយដែលត្រូវបានរំលាយនៅក្នុងពោះ។ យ៉ាងណាក៏ដោយ ភ្នាក់ងារនេះទទួលបន្ទុកដោះស្រាយតែចំពោះក្រដាសប្រាក់ដែលខូចខាតប៉ុណ្ណោះ ចំពោះកាក់ប្រាក់វិញត្រូវបញ្ជូនទៅUS Mint។

ប្រភព៖ Listverse

Loading...
SHARE