បច្ចុប្បន្ននេះ iPhone X កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ មិនថាក្រៅប្រទេស ឬ ក្នុងស្រុកនោះទេ ហើយអ្នកមានលុយចាយមិនអស់ជាច្រើនក៏បាននាំគ្នាទិញវាមកកំដរដៃផងដែរ ចំណែកឯអ្នកដែលមិនសូវមានច្រើនតែសន្សំរាប់ខែហើយចង់សាករស់ជាតិកាន់ iPhone ស៊េរីចុងក្រោយពេលចេញភ្លាមៗក៏បាននាំគ្នាសំរុកទិញព្រោងព្រាតផងដែរ ។ នៅក្នុងទីផ្សារបច្ចុប្បន្ន iPhone X មានតម្លៃចាប់ពី ១៣០០ ដុល្លារឡើងទៅ ដែលតម្លៃរបស់វាអាចប្រែប្រួលអាស្រ័យទៅលើ ទំហំផ្ទុករបស់វា ។

នៅថ្ងៃនេះ ចង់ដឹង នឹងបង្វែរអារម្មណ៍ប្រិយមិត្តបន្តិចទៅមើលថាតើលុយដែលទិញ iPhone X នោះបើយើងយកចំណាយលើអ្វីផ្សេង តើទទួលបានអ្វីខ្លះ ។ ការដែលបង្ហាញនេះមិនមែនបង្គាប់បញ្ជារ ឬ ណែនាំឲ្យគ្រប់គ្នាត្រូវផ្លាស់ប្ដូរគម្រោងទិញ iPhone X ហើយយកទៅធ្វើអ្វីដែលខ្ញ៉ំបានបង្ហាញនោះទេ ប៉ុន្តែនេះគ្រាន់តែជាការបង្ហាញឲ្យដឹងតែប៉ុណ្ណោះ ទិញឬមិនទិញ ប្ដូរគោលដៅចំណាយ ឬ មិនប្ដូរគឺវាអាស្រ័យទៅលើប្រិយមិត្តតែប៉ុណ្ណោះ ។

១  យើងអាចទិញឈុតហាត់ខ្នាតតូចដាក់ក្នុងផ្ទះមួយឈុត

បើសិនជាអ្នកជាអ្នកដែលគិតគូពីសុខភាព និងចូលចិត្តហាត់ប្រាណ និងផ្ទះសល់កន្លែងទំនេរច្រើន ១ ពាន់ដុល្លារជាងនេះ អាចយកទៅទិញ ម៉ាស៉ីនរត់ ដ៉ំដែក ឬ បរិក្ខាហាត់ប្រាណខ្នាតតូចមួយឈុតដោយងាយ ។

២  ធ្វើដំណើរកម្សាន្តទៅកាន់ Disneyland ចំនួន ៥ ទៅ ១០ ថ្ងៃ

បើសិនជាអ្នកចូលចិត្តដំណើរកម្សាន្ត លុយជាង ១ពាន់ដុល្លារនេះអាចឲ្យអ្នកធ្វើដំណើរទៅកាន់សួនកម្សាន្តដ៏ល្បីរបស់ពិភពលោក Disneyland ចំនួន ៥ ទៅ ១០ ថ្ងៃ ដែលការរយៈពេលយូរប៉ុនណាវាអាស្រ័យទៅលើការចំណាយផ្សេងៗទៀតរបស់អ្នក ។

៣  ចំណាយលើថ្លៃទឹកប្រហែលជា ១ឆ្នាំ ទៅ ២ ឆ្នាំ ឬអាចច្រើនជាងនេះ និងថ្លៃភ្លើងប្រហែលជា កន្លះឆ្នាំ ទៅ ១ ឆ្នាំ ឬ អាចច្រើនជាងនេះ

ជាមធ្យមការចំណាយលើថ្លៃទឹកប្រហែលជា ១០ ទៅ ៥០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ឬ អាចច្រើនជាងឬតិចជាងនេះ ដូចនេះក្នុងមួយឆ្នាំយើងត្រូវចំណាយលើថ្លៃទឹកប្រហែល ១២០ ទៅ ៦០០ ដុល្លារប៉ុណ្ណោះ ។ ចំណែកឯភ្លើងជាមធ្យមអាចចន្លោះពី ៥០ ទៅ ១៥០ ដុល្លារឬអាចទាប ឬ ខ្ពស់ជាងនេះ ដូចនេះក្នុងមួយឆ្នាំអាចចន្លោះពី ៦០០ ដុល្លារ ទៅ ១៨០០ ដុល្លារ ។

៤  ញ៉ំកាហ្វេ Starbuck មិនតិចជាង ២០០ កែវ

កាហ្វេ Starbuck មានតម្លៃមិនដល់ ៦ ដុល្លារនោះទេក្នុងមួយកែវ ប៉ុន្តែយើងកំណត់ថា ៦ ដុល្លារទៅចុះ ដូចនេះ ២០០ កែវចំណាយយ៉ាងច្រើនប្រហែល ១២០០ ដុល្លារប៉ុណ្ណោះ ។

៥  សាងសង់សាលារៀនតូចមួយនៅតំបន់ក្រីក្រ

ក៉ំមើលងាយលុយ ១ពាន់ដុល្លារជាងនេះឲ្យសោះ ត្រឹមតែប៉ុណ្ណឹងវាល្មមនឹងអាចសាងសង់សាលារៀនតូចមួយសម្រាប់ក្មេងៗក្រីក្រ ឬ តំបន់ក្រីក្រនិងខ្វះខាតសាលារៀនបាន ។

៦  អាចមើលកុនច្រើនជាង ២០០ រឿង

សំបុត្រកុនជាធម្មតាមានតម្លៃចន្លោះពី ៣ ទៅ ៥ ដុល្លារតែប៉ុណ្ណោះ ដូចនេះបើយើងមានលុយ១ពាន់ដុល្លារជាងបែបនេះ រឿងអីមើលមិនបាន ២០០ រឿង មានតែលើសផង។

ប្រភព ៖ Facebook