ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៧ ត្រូវបានប្រគល់ឲ្យក្រុមយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (International Campaign to Abolish Nuclear Weapons ហៅកាត់ថាICAN) ដោយគណៈកម្មាធិការណូបែលន័រវេសបានលើកឡើងក្នុងសេចក្តីសម្រេចថា ក្រុមនេះបានធ្វើការយ៉ាងខ្លាំងក្លាដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ដោយបាននាំប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន១២២ប្រទេស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហាមឃាត់អាវុធនុយក្លេអ៊ែរ។

យ៉ាងណាក៏ដោយ នៅមានប្រទេសមួយចំនួននៅតែបន្តព្យាយាមគំរាមកំហែងពិភពលោកដោយអាវុធនុយក្លេអ៊ែរ ជាឧទាហរណ៍ ប្រទេសកូរ៉េខាងជើងដែលតែងធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរដើម្បីគំរាមដល់សហរដ្ឋអាមេរិក ហើយព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាអាវុធប្រភេទនេះរបស់ខ្លួន។ ចំណែកសហរដ្ឋអាមេរិកវិញក៏មិនធម្មតាដែរ ជាក់ស្តែងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានចំណាយលុយបន្ថែមសម្រាប់កម្មវិធីពង្រីក និងទំនើបកម្មកន្លែងផ្ទុកអាវុធនុយក្លេអ៊ែរអាមេរិកផងដែរ។ ប្រទេសរូស្ស៊ីឯនោះវិញ បច្ចុប្បន្នក៏កំពុងពង្រីកថវិការបស់ខ្លួនសម្រាប់ការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួនដូចគ្នា។ គួរបញ្ជាក់ថា ក្រៅពីប្រទេសទាំងបីនេះ ក៏មានប្រទេសផ្សេងៗដែរដែលមានអាវុធនុយក្លេអ៊ែរនេះ។

ជារួមនៅលើពិភពលោក មានប្រទេសចំនួន៩ដែលមានអាវុធនុយក្លេអ៊ែរ ដែលក្នុងនោះមានដូចជា៖

  • ប្រទេសរូស្ស៊ី មានចំនួន ៧,០០០
  • សហរដ្ឋអាមេរិកមានចំនួន ៦,៨០០
  • ប្រទេសបារំាងមានចំនួន ៣០០
  • ប្រទេសចិនមានចំនួន ២៧០
  • ចក្រភពអង់គ្លេសមានចំនួន ២១៥
  • ប្រទេសប៉ាគីស្ថានមានចំនួន ១៤០
  • ប្រទេសឥណ្ឌាមានចំនួន ១៣០
  • ប្រទេសអ៊ីស្រាអែលមានចំនួន៨០
  • ប្រទេសកូរ៉េខាងជើងមានចំនួន៦០។

ផែនទី និងតារាងបង្ហាញប្រទេសមានអាវុធនុយក្លេអ៊ែរ

ប្រភព៖ Business Insider

Loading...
SHARE