សព្វថ្ងៃនេះម្នាស់គ្រាន់តែជាផ្លែឈើធម្មតាដែលយើងអាចទិញញ៉ំបានគ្រប់គ្នាតែប៉ុណ្ណោះ ប៉ុន្តែអ្នកមានបានដឹងទេថាកាលពីសម័យបុរាណម្នាស់គឺជាផ្លែឈើដ៏មានតម្លៃបំផុត ដែលមិនមែនមនុស្សធម្មតាអាចញ៉ាំបាននោះទេ ។

ម្នាស់ជាផ្លែឈើដែលមានប្រភពដើមនៅអាមេរិកខាងត្បូង ដែលវាត្រូវបានរកឃើញដោយ លោក Christopher Columbus ក្នុងដំណើរស្វែងរកពិភពលោកថ្មីរបស់លោក ។ បន្ទាប់មកគាត់ក៏បានយកវាទៅដល់អេស្ប៉ាញ ដែលធ្វើឲ្យជនជាតិអ៉ឺរ៉ុបជាច្រើន ពិសេសគឺខ្សែរាជវង្សតែម្ដង បានជាប់ចិត្តនឹងរស់ជាតិរបស់វា ។

សម្រាប់មនុស្សនៅសម័យកាលនោះវាគឺជាផ្លែដ៏កម្រ មានរូបរាងស្រស់ស្អាត និង រស់ជាតិឆ្ងាញ់ពិសា ដែលគេមិនធ្លាប់ជួបពីមុនមក ហើយវាក៏ត្រូវបានក្រុមវិចិត្រករ បញ្ចូលទៅក្នុងស្នាដៃសិល្បៈរបស់ខ្លួន ដែលមានទាំងគំនូរ និង ក្បូរក្បាច់ចម្លាក់នៅលើគ្រឿងសង្ហារឹម និងសំណង់ជាដើម ។

នៅកំឡុងសតវត្សទី ១៧ ដល់ទី ១៨ ម្នាស់ក៏បានទៅដល់ចក្រភពអង់គ្លេស ។ គ្រាន់តែទៅដល់ភ្លាមវាបានក្លាយទៅជាវត្ថុដ៏មានតម្លៃបំផុតនៅទីនោះ ។ ត្រឹមតែម្នាស់មួយផ្លែអាចមានតម្លៃស្មើនឹង ៨០០០ ដុល្លារអាមេរិកក្នុងពេលបច្ចុប្បន្ន ហេតុដូចនេះហើយ គឺមានតែក្រុមអភិជន និង រាជវង្សប៉ុណ្ណោះដែលអាចពិសាផ្លែឈើនេះបាន ។ ម្យ៉ាងទៀតមិនមែនគ្រប់អភិជនសុទ្ធតែអាចទិញវាបាននោះទេព្រោះតែវាកម្រ អីញ្ចឹងហើយពួកគេមានតែត្រូវជួលផ្លែម្នាស់ដើម្បីបង្អួតអ្នកដទៃ។

នៅសម័យកាលនោះ ម្នាស់គឺជានិមិត្តសញ្ញានៃប្រណីតភាព អ្នកដែលមានវាគឺមានន័យថាពួកគេជាមនុស្សមានខ្ពង់ខ្ពស់ក្នុងសង្គម វាប្រៀបដូចជារថយន្ត Rolls Roys នៃសម័យកាលបច្ចុប្បន្ននេះអីញ្ចឹង គឺមានតែត្រកូលអភិជន និង មហាសេដ្ឋីប៉ុណ្ណោះដែលអាចទិញវាជិះបាន ។

រៀបរៀងជាភាសាខ្មែរដោយ បញ្ញា (ចង់ដឹង)
ឯកសារយោង ៖ bbc, wikipedia , 

Loading...
SHARE