ពិភពលោករបស់យើងពោរពេញទៅដោយរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលមិនមាននរណាម្នាក់អាចបកស្រាវអំពីវាឲ្យបានច្បាស់លាស រឿងរ៉ាវខ្លះជារឿងដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន ឯខ្លះជារឿងដែលកើតឡើងតាំងពីរាប់ពាន់ រាប់លានឆ្នាំមុនមកម្ល៉េះ ។ គ្រាន់តែរឿងដែលកំពុងតែកើតមានក្នុងបច្ចុប្បន្នមួយចំនួនវាបានធ្វើឲ្យអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រឈឺក្បាលបាត់ទៅហើយ ចុះទំរាំរឿងដែលកន្លងហួសអស់រយៈពេលជាយូរនោះ ។

ជាក់ស្ដែង សំណង់និងស្នាកស្នាមពីបុរាណ និងផូស៉ីល ដែលមានអាយុកាលរាប់ពាន់ឆ្នាំចំនួន ១០ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ ប៉ុន្តែវាបានកំពុងតែធ្វើឲ្យពួកគេមានចង្ងល់ និងភ្ញាក់ផ្អើលជាខ្លាំងផងដែរ ។

១  បក្សី Moa

Moa គឺជាបក្សីមួយប្រភេទដែលមិនអាចហើរបាន ដែលធ្លាប់រស់នៅក្នុងប្រទេស New Zealand ហើយបានផុតពូជតាំងពី ១៥០០ ឆ្នាំមុនមកម្ល៉េះ ។ ហើយការផុតពូជនេះគឺបណ្ដាលមកពីការសម្លាប់ មិនមែនដោយសារតែធម្មជាតិនោះទេ នេះបើយោងតាមភស្តុតាងដែលបន្សល់ទុកដោយជនជាតិ Māori ។

ក្នុងកំឡុងពេលបេសកកម្មនៅសតវត្សទី 20 ពួកអ្នកវិទ្យាសាស្ត្រក៏បានជំពប់ដួលលើក្រញ៉ាំដ៏ធំមួយ ដែលវាគឺជាក្រញាំនៃសត្វបក្សី Moa មួយក្បាលដែលត្រូវបានថែរក្សាយ៉ាងល្អ។

អ្វីដែលធ្វើឲ្យអ្នកវិទ្យសាស្ត្រឆ្ងល់នោះគឺហេតុអ្វីបានជាសត្វដែលបានផុតពូជកាលពី ១៥០០ ឆ្នាំមុននោះ បានបន្សល់នូវក្រញ៉ាំដែលមើលទៅមានអាយុកាលមិនដល់ ១០០ ឆ្នាំផង ?

២ ប្រាសាទ Saksaywaman, ប្រទេសប៉េរូ

ប្រាសាទបុរាណមួយនេះត្រូវបានសាងសងឡើងដោយការបណ្ដុបថ្មភ្នំពីលើគ្នាដ៏ល្អឥតខ្ចោះ ហើយក៏មិនប្រើប្រាស់បាយអសូម្បីតែមួយតំណក់ ។ ករណីមិនប្រើបាយអបែបនេះវាគួរតែសល់ចម្លោះប្រហោងរវាងដ៉ំថ្មមួយដ៉ំទៅដ៉ំថ្មមួយដ៉ំទៀត ប៉ុន្តែនេះគឺគ្មានសោះ ដែលសូម្បីតែយកក្រដាស់មួយសន្លឹកទៅរុញចូលក៏មិនអាចដែរ ។ អ្នកវិទ្យាសាស្ត្រកំពុងតែឆ្ងល់ថាតើគេអាចធ្វើបែបនេះបានដោយរបៀបណា ?

ចំណែកឯអង្គរវត្តរបស់កម្ពុជាក៏ដូចគ្នាដែរ វាបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រស្ទើរតែមិនជឿថាមនុស្សអាចសាងសងសំណង់បែបនេះបាន ។

៣ ច្រកទ្វារនៃព្រះអាទិត្យ នៅប្រទេសបូលីវី

ច្រកទ្វារព្រះអាទិត្យស្ថិតនៅ Tiwanaku – ដែលជាទីក្រុងបុរាណនិងអាថ៌កំបាំងមួយនៅបូលីវី ។ បុរាណវិទូមួយចំនួនជឿថាវាគឺចំណុចកណ្តាលនៃចក្រភពដ៏ធំមួយក្នុងអំឡុងសតវត្សទី ១ នៃគ្រឹសសករាជ ហើយគ្មាននរណាម្នាក់ដឹងថាចម្លាក់នៅលើច្រកទ្វារមានន័យបែបណានោះទេ  ។ អ្នកវិទ្យសាស្ត្រមួយចំនួនបានប៉ានស្មានថាវាប្រហែលទាក់ទងទៅតារាសាស្ត្រ ប៉ុន្តែនោះគ្រាន់តែជាការសន្និដ្ឋាន ចំណែកឯការពិតយ៉ាងណានោះមិនទាន់ត្រូវបានរកឃើញនោះទេ។

៤ រូងភ្នំ Longyou ប្រទេសចិន

Longyou គឺជារូងភ្នំបុរាណមួយដែលអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថាវាប្រហែលជាត្រូវបានជីកដោយមនុស្ស មិនមែនជារូងភ្នំធម្មជាតិនោះទេ ។ ហើយដើម្បីជីករូងភ្នំមួយនេះប្រហែលជាត្រូវការមនុស្សមិនក្រោម ១ ពាន់នាក់នោះទេ។

ប៉ុន្តែអ្វីដែលជាចម្ងល់នោះគឺ តើគេជីកវាដោយរបៀបណា ?

៥  សសរស្ដម្ភដែលសាងសង់មិនទាន់រួច នៅអេស៉ីប

សសរស្ដមដ៏អស្ចារ្សមួយនេះប្រហែលជាសាងសង់ឡើងដោយការដាប់ថ្មរូងចុះទៅក្រោម ប៉ុន្តែមើលទៅវាដូចជាមិនទាន់ធ្វើរួចរាល់នោះទេ បើយើងក្រឡេងទៅមើលទំហំរបស់វាវិញ គឺពិតជាធំអស្ចារ្យខ្លាំងណាស់ ។

សសរស្ដម្ភមួយនេះបានធ្វើឲ្យអ្នកវិទ្យាមានចម្ងល់ជាច្រើន ហើយចម្ងល់នោះតើសសរស្ដម្ភនេះសាងសង់ដើម្បីអ្វី ហើយគេនឹងលើកវាឡើងដោយរបៀបណា ?

៦ ប្រាសាទបុរាណទីក្រុងបុរាណក្រោមទឹក Yonaguni ប្រទេសជប៉ុន

ប្រាសាទបុរាណនេះត្រូវបានរកឃើញដោយចៃដន្យដោយគ្រូបង្ហាត់មុជទឹកម្នាក់ដែលមានឈ្មោះថា Kihachiro Aratake ។ ប្រាសាទនេះបានធ្វើឲ្យអ្នកវិទ្យសាស្ត្រងឿងឆ្ងល់ជាខ្លាំង ដោយសារតែក្រោយពិនិត្យមើលទៅលើថ្មនៃប្រាសាទនេះ គេបានរកឃើញថាវាមានអាយុកាលជាង ១ម៉ឺនឆ្នាំមកហើយ ដែលវាសាងសងមុនពេលពីរ៉ាមីតបានសាងសង់ឡើងទៅទៀត ។

ដូចជាអ្នកធ្លាប់ដឹងរួចមកហើយថាមុនពេលដែលមនុស្សអាចសាងសង់ប្រាសាទពីរ៉ាមីតបាន មនុស្សគឺរស់នៅតែក្នុងរូងភ្នំ និងបរិភោគតែឬស្សឈឺប៉ុណ្ណោះ ចុះហេតុអ្វីបានជានៅពេលនោះបែរជាមានវត្តមានទីក្រុងដែលសាងសង់ឡើងដោយថ្មបែបនេះទៅវិញ ?

៧ Mohenjo-daro នៅប៉ាគីស្ថាន

អាថ៌កំបាំងនៃការដួលរលំ និងបាត់បង់របស់ទីក្រុងបុរាណនេះបានធ្វើឱ្យអ្នកជំនាញមានការងឿងឆ្ងល់អស់ជាច្រើនទសវត្សមកហើយ ។

នៅឆ្នាំ ១៩២២ អ្នកបុរាណវិទ្យាឥណ្ឌា R. D. Banerji បានរកឃើញ​ប្រាសាទបុរាណនេះនៅលើកោះមួយក្នុងទន្លេអ៊ីនស្តា។ ក្រោយការរកឃើញក៏មានការចោទសួរថា តើទីក្រុងដ៏អស្ចារ្យនេះត្រូវបានបំផ្លាញដោយរបៀបណា? តើមានអ្វីកើតឡើងចំពោះប្រជាជននៅទីនោះ?

៨ L’Anse aux Meadows ប្រទេសកាណាដា

ទីតាំងបុរាណមួយនេះស្ថិតនៅក្នុងប្រទេសកាណាដា ដែលវាធ្លាប់កន្លែងតាំងទីលំនៅមួយដែលបានបង្កើតឡើងដោយពួក Vikings ប្រហែលមួយពាន់ឆ្នាំមុនមកម្ល៉េះ។

ហើយតាមរយៈភស្តុតាងទាំងនោះបានបង្ហាញថាការពិត ក្រុមអ្នកប្រយុទ្ធនៃជនជាតិ Scandinavia ដែលគេស្គាល់ថា Viking ឬ Norsemen បានទៅដល់អាមេរិកខាងជើងជាយូរណាស់មកហើយ គឺមុនពេលកំណើតរបស់លោក Christopher Columbus ទៅទៀត ។

៩ ផ្លូវរូងក្រោមដី នៅសម័យយុគថ្ម

ការរកឃើញបណ្តាញផ្លូវរូងក្រោមដីជាច្រើនដែលលាតសន្ធឹងពីស្កុតឡែនទៅទួរគីបានបង្ហាញថាមនុស្សនៅយុគថ្មមិនមែនគ្រាន់តែជាអ្នកប្រមាញ់ទេ។ ប៉ុន្តែគោលបំណងពិតប្រាកដនៃផ្លូវរូងក្នុងដីនៅតែជាអាថ៌កំបាំងនៅឡើយ។

ក្រុមអ្នកស្រាវជ្រាវមួយចំនួនជឿជាក់ថាពួកវាត្រូវបានគេប្រើដើម្បីការពារពីការពីការតាមសម្លាប់ ហើយអ្នកផ្សេងទៀតជឿថាពួកវាជាមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាពដែលអាចគេចផុតពីការគំរាមកំហែងពីអាកាសធាតុនិងជម្លោះផ្សេងៗ។

១០ ថ្មយក្សរាងជាស៊្វែ ស្ថិតក្នុង ប្រទេសកូស្តារីកា

ថ្មមួយដ៉ំនៅទីនោះគឺត្រូវបានបង្កើតឡើងដោយមានរូបរាងជាស្វ៊ែយ៉ាងល្អឥតខ្ជោះ ហើយវាមិនមែនគ្រាន់តែធ្វើឲ្យល្អមើលនោះទេ គេបង្កើតវាមកប្រហែលជាមានមូលហេតុច្បាស់លាស់ ប៉ុន្តែសព្វថ្ងៃនេះអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រក៏កំពុងស្វែងរកចម្លើយដូចគ្នាថាតើអ្វីជាមូលហេតុនៅពីក្រោយដ៉ំថ្មដ៏ចម្លែកនេះ ហើយពួកគេក៏កំពុងស្វែងរកថាតើវាត្រូវបានបង្កើតឡើងដោយនរណាផងដែរ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ថ្មទាំងនេះត្រូវបានរកឃើញនៅក្នុងទសវត្សឆ្នាំ 1930 ដោយកម្មករចំការចេកម្នាក់ ។ ហើយបើយោងតាមរឿងព្រេងទាក់ទងនឹងតំបន់នេះ បានដំណាលថាតំបន់នេះគឺជាតំបន់ដែលត្រូវបានគេលាក់មាស តើវាពិតជាទាក់ទងទៅនឹងដ៉ំថ្មទាំងនេះដែរឬទេ ?

 

ប្រភព ៖ Brighside.me