កម្រិតភាពឆ្លាតរបស់មនុស្សមានឡើង មានចុះទៅតាមអាយុរបស់ពួកគេ ហើយភាពឆ្លាតវៃនៅក្នុងផ្នែកណាមួយក៏មានខុសៗគ្នាទៅតាមអាយុផងដែរ។ ឧទាហរណ៍នៅវ័យក្មេងកម្រិតភាពឆ្លាតរបស់មនុស្សក្នុងផ្នែកណាមួយឡើងខ្ពស់បំផុត ហើយដល់វ័យកណ្តាលកម្រិតភាពឆ្លាតរបស់មនុស្សក្នុងផ្នែកផ្សេងមួយទៀតឡើងខ្ពស់វិញម្តង។ លោក Joshua Hartshorne អ្នកស្រាវជ្រាវនិងជាប្រធានក្រុមសិក្សាពីការផ្លាស់ប្តូរនៃភាពឆ្លាតរបស់មនុស្សទៅតាមអាយុ បានឲ្យដឹងថា ស្ទើរតែគ្រប់អាយុទាំងអស់ មនុស្សយើងភាគច្រើនពូកែក្នុងរឿងអ្វីមួយ ហើយអន់ក្នុងរឿងអ្វីមួយផ្សេង។ ខាងក្រោមនេះ ជាបម្រែបម្រួលនៃភាពឆ្លាតវៃរបស់មនុស្សទៅតាមអាយុ៖

ថាមពលដំណើរការរបស់ខួរក្បាល និងសមត្ថភាពចងចាំរឿងលម្អិតរបស់មនុស្សកើនខ្ពស់នៅប្រហែលអាយុ១៨ឆ្នាំ

អ្នកវិទ្យាសាស្រ្តបានប្រើការធ្វើតេស្តឈ្មោះថា Digit Symbol Substitution ដែលទាមទារឲ្យមនុស្សប្រើជំនាញភាពឆ្លាតវៃជាច្រើនក្នុងពេលតែមួយរួមមាន ល្បឿនក្នុងការគិត ផ្តោតអារម្មណ៍ និងជំនាញក្នុងមើល​។ តាមការសិក្សារបស់លោក Hartshorne ដោយប្រើតេស្តមួយនេះ ឃើញថាអ្នកមានសមត្ថភាពធ្វើបានកម្រិតខ្ពស់គឺអ្នកមានអាយុប្រហែល១៨ឆ្នាំ។

សមត្ថភាពក្នុងការរៀនពីឈ្មោះដែលមិនធ្លាប់ស្គាល់ឬលឺ មានខ្ពស់នៅអាយុ២២ឆ្នាំ

មនុស្សពេញវ័យភាគច្រើនមិនពូកែក្នុងការចងចាំ ឬទន្ទេញនូវព័ត៌មានដែលមិនមានបរិបទនោះទេ។ ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់មនុស្សវ័យក្មេងនោះទេ ព្រោះថាការសិក្សាមួយក្នុងឆ្នាំ២០១១ បានរកឃើញថា មនុស្សមានសមត្ថភាពខ្ពស់ក្នុងការរៀនពីឈ្មោះថ្មីៗមិនធ្លាប់ស្គាល់ឬលឺក្នុងអំឡុងអាយុដើម២០ឆ្នាំ។

សមត្ថភាពក្នុងការចាំមុខមនុស្សមានខ្ពស់បំផុតនៅអាយុប្រហែល៣២ឆ្នាំ

ខួរក្បាលរបស់មនុស្សមានសមត្ថភាពគួរឲ្យកត់សម្គាល់ក្នុងការចំណាំ និងសម្គាល់មុខមនុស្ស។ ក្នុងនោះសមត្ថភាពក្នុងការរៀន និងចាំមុខមនុស្សថ្មីៗមានកម្រិតខ្ពស់នៅអាយុក្រោយ៣០ឆ្នាំបន្តិច។

សមត្ថភាពក្នុងការផ្តោតអារម្មណ៍មានកម្រិតខ្ពស់នៅអាយុ៤៣ឆ្នាំ

តើមានបញ្ហាក្នុងការផ្តោតអារម្មណ៍មែនទេ? ការសិក្សាមួយក្នុងឆ្នាំ២០១៥ ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard និងមន្ទីរពិសោធន៍​ Boston Attention and Learning Laboratory បានលើកឡើងថា សមត្ថភាពរបស់មនុស្សក្នុងការរក្សាការផ្តោតអារម្មណ៍កើនឡើងតាមអាយុ ដោយក្នុងនោះ សមត្ថភាពនេះកើនខ្ពស់បំផុតនៅអាយុ៤៣ឆ្នាំ។

មនុស្សពូកែបំផុតក្នុងការសម្គាល់អារម្មណ៍របស់អ្នកដទៃនៅពេលគេមានអាយុ៤៨ឆ្នាំ

មនុស្សមិនមែនពូកែក្នុងការសម្គាល់ដឹងនូវអារម្មណ៍របស់អ្នកដទៃនោះទេ រហូតដល់គេមានអាយុឈានចូលដល់វ័យ៤០ឆ្នាំ។ យោងតាមផ្នែកមួយនៃការសិក្សារបស់Hartshorne ដែលឲ្យអ្នកចូលរួមធ្វើការពណ៌នាពីអារម្មណ៍របស់មនុស្សនៅក្នុងរូបថត ឃើញថា មនុស្សពូកែក្នុងការសម្គាល់ដឹងអារម្មណ៍របស់គេបំផុតនៅពេលគេមានអាយុប្រហែល៤៨ឆ្នាំ។

សមត្ថភាពក្នុងការធ្វើលេខគណិតមូលដ្ឋានមានខ្ពស់នៅអាយុ៥០ឆ្នាំ

មនុស្សភាគច្រើនជឿថា ជំនាញគណិតវិទ្យារបស់ពួកគេធ្លាក់ចុះនៅពេលឈប់រៀន ឬលែងអនុវត្តគណិតវិទ្យា។ ប៉ុន្តែតាមពិតទៅសមត្ថភាពគណិតវិទ្យាលើការបូកដកគុណចែករបស់មនុស្ស កើនដល់កម្រិតខ្ពស់នៅពេលគេមានអាយុ៥០ឆ្នាំ។

សមត្ថភាពក្នុងការរៀន និងយល់ពីព័ត៌មានថ្មីក៏កើនខ្ពស់នៅអាយុប្រហែល៥០ឆ្នាំដែរ

ស្រដៀងគ្នានឹងសមត្ថភាពខាងគណិតវិទ្យាដែរ សមត្ថភាពរបស់មនុស្សក្នុងការរៀន និងយល់ពីព័ត៌មានទូទៅដូចជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងគំនិតនយោបាយជាដើម គឺមានកម្រិតខ្ពស់នៅអាយុប្រហែល៥០ឆ្នាំនេះដែរ បើតាមការសិក្សារបស់ Hartshorne។

ជំនាញខាងវាក្យស័ព្ទកើនខ្ពស់នៅអាយុ៦៧ឆ្នាំ

យោងតាមពិន្ទុរបស់អ្នកដែលចូលរួមធ្វើតេស្តពហុជ្រើសរើសទាក់ទងនឹងវាក្យស័ព្ទ ឃើញថាមនុស្សយើងមានសមត្ថភាពខ្ពស់ខាងវាក្យស័ព្ទពាក្យនៅពេលមានវ័យឈានដល់ចុង៦០ឆ្នាំ និងដើម៧០ឆ្នាំ។

ប្រភព៖ Business Insider

Loading...
SHARE