ក្រោយពីចំណាយពេលដាច់យប់អស់ ២ ម៉ោងដើម្បីតាមដានការបង្ហាញនូវផលិតផលថ្មីរបស់ Apple ក្នុងព្រឹត្តិការណ៍ Apple Special Event ដែលប្រព្រឹត្តធ្វើនៅ Steve Jobs Theater វាហាក់មិនបានធ្វើឲ្យខ្ញ៉ំមានការភ្ញាក់ផ្អើលខ្លាំងនោះទេ ពីព្រោះតែអ្វីគ្រប់យ៉ាងវាហាក់មិនដូចជាការរំពឹងទុករបស់ខ្ញ៉ំ ។

ប៉ុន្តែវាមិនមែនមានន័យថាខ្ញ៉ំមិនចាប់អារម្មណ៍ជាមួយនឹងបច្ចេកវិទ្យាថ្មីដែល Apple បានបំពាក់នៅលើទូរសព្ទស៊េរីថ្មីរបស់ខ្លួនដូចជា iPhone 8 , iPhone 8 Plus ឬ ទូរសព្ទអេក្រង់លាតស្ទើរតែគ្មានគែមដំបូងបំផុតរបស់ Apple គឺ iPhone X (iPhone 10) នោះទេ ។

ខាងក្រោមនេះគឺ បច្ចេកវិទ្យនិងមុខងារថ្មីៗទាំង ៦ លើ iPhone ស៊េរីថ្មី ដែលគ្មានទេនៅលើ iPhone 7 និង 7 Plus ហើយក៏ជាបច្ចេកវិទ្យា និង មុខងារដែលខ្ញ៉ំចាប់អារម្មណ៍នៅលើ iPhone ស៊េរីថ្មីនេះផងដែរ ៖

១ ផ្ទៃខាងក្រោយជាកញ្ចក់ ជាមួយនឹងបច្ចេកវិទ្យា សាកថ្មឥតខ្សែ Wireless Charge)

វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែល Apple ដាច់ចិត្តបំពាក់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ ឬ ហៅថា Wireless Charge ពីព្រោះស្ទើរតែគ្រប់ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុនដទៃ ដូចជា Samsung , LG ឬ ក្រុមហ៊ុនល្បីៗមួយចំនួនទៀតសុទ្ធតែបានបំពាក់វារួចទៅហើយកាលពី ១ ទៅ ២ ឆ្នាំមុន ។ ហើយបច្ចេកវិទ្យានេះពិតជាផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់មែនទែន ដោយសារតែគេមិនបាច់រញ៉ែរញ៉ៃក្នុងការដោតសាកទូរសព្ទ ហើយនៅតាមប្រទេសជឿនលឿនមួយចំនួន តាមហាងកាហ្វេ ភោជនីយដ្ឋាន ឬ អាកាសយានដ្ឋាន សុទ្ធតែមានកន្លែងសម្រាប់សាកថ្មឥតខ្សែនេះ ហើយសូម្បីតែរថយន្តស៊េរីៗថ្មីក៏មានផងដែរ ។

 

 

ដោយសារតែការបំពាក់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែនេះហើយបានជា Apple ត្រូវផ្លាស់ប្ដូរផ្ទៃខាងក្រោយនៃទូរសព្ទពីលោហធាតុទៅជាកញ្ចក់វិញ ដែលវាហាក់វិលទៅរកស៊េរី iPhone 4 និត 4s ប៉ុន្តែលើកនេះស្រស់ស្អាតជាងនិងមានប្រយោជន៍ជាង ។

ទោះបីជាវាមើលទៅស្អាតក៏ពិតមែន ប៉ុន្តែវាក៏ធ្វើឲ្យទំងន់របស់ iPhone កាន់តែធ្ងន់ផងដែរ ចំណែកឯពណ៌ក៏ត្រូវបានកាត់បន្ថយមកត្រឹមតែ ៣ ពណ៌គឺ Silver , Space Gray និង Gold សម្រាប់ iPhone 8 និង 8 Plus ចំណែកឯ iPhone X គឺមានត្រឹមតែ ២ ពណ៌ប៉ុណ្ណោះគឺ Silver និង Space Gray ។

២ កាមេរ៉ា

សម្រាប់ iPhone 8,  Apple បានធ្វើការ Update បន្តិចបន្តួចប៉ុណ្ណោះទៅលើមុខងារថតរូប ក៏ដូចជាបច្ចេកវិទ្យាថ្មីទាក់ទងទៅនឹងការថតរូបនេះ ខណៈដែល iPhone 8 Plus និង iPhone X បានបន្ថែមនូវមុខងារថ្មីគឺ Portrait Lighting ដែលជំនួយដលការថតរូបបែប Portrait ឲ្យមានលក្ខណៈដូចជាការថតរូបនៅក្នុងស្ដូឌីយូដែលមានឧបករណ៍ជំនួយពន្លឹអីញ្ចឹង ។ ក្រៅពីនេះ Apple ក៏បានអាប់ដេតមុខងារ Portrait Mode ឲ្យកាន់តែល្អប្រសើរជាងមុនផងដែរ ដោយធ្វើឲ្យការព្រាលផ្ទៃខាងក្រោយកាន់តែមានលក្ខណៈដូចជាធម្មជាតិពិត ។

 

បន្ថែមលើសពីនេះ Apple ក៏បំពាក់នូវបច្ចេកវិទ្យាទប់រំញ័រ Optical Image Stabilization ទៅលើកាមេរ៉ារបស់ iPhone 8 និងនៅលើកាមេរ៉ាទាំង ២ គ្រាប់នៅលើ iPhone 8 Plus និង iPhone X ដែលជារឿងមួយដែល Samsung ធ្លាប់បានវាយប្រហារទៅលើ iPhone 7 Plus ព្រោះតែគ្មានបច្ចេកវិទ្យានេះ ។ ហើយ iPhone 8 Plus និង iPhone X អាច Zoom បានរហូតដល់ទៅ ១០ ដង ។

៣ អេក្រង់

សម្រាប់អេក្រង់ដែលបំពាក់នៅលើ iPhone 8 និង 8 Plus វាហាក់មិនសូវជាធ្វើឲ្យខ្ញ៉ំចាប់អារម្មណ៍ប៉ុន្មានោះទេ ពីព្រោះវាគ្រាន់តែជាការអាប់ដេតបន្តិចបន្តួច គឺពីអេក្រង់ Retina HD ទៅជា Redtina HD ជាមួយបច្ចេកវិទ្យា True-tone display ដែលបានបំពាក់នៅលើ iPad Pro ស៊េរីថ្មី ដើម្បីធ្វើឲ្យរូបភាពកាន់តែដិតនិងច្បាស់ល្អជាងមុនតែប៉ុណ្ណោះ ។ ហើយចំពោះទំហំអេក្រង់ កម្រិតបង្ហាញរូបភាព និងដង់ស៉ីតេអេក្រង់ និង រចនាបទនៃអក្រង់គឺរក្សានៅដដែល។

ខណៈដែល iPhone X បានអភិវឌ្ឍន៍ខ្លួនក្លាយជាអេក្រង់លាតស្ទើរតែគ្មានគែម ប៉ុន្តែមិនលាតណាស់ណានោះទេ បើធៀបជាមួយនឹង Galaxy Note 8 របស់ Samsung និង V30 របស់ LG ។  អេក្រង់របស់ iPhone X គឺជាអេក្រង់ដែល Apple ហៅថា Super Retina HD display ដែលមានទំហំ 5.8 អ៉ីញ ដែលជាប្រភេទអេក្រង់ OLED ជាមួយនឹងបច្ចេកវិទ្យា HDR រួមជាមួយនឹងកម្រិតបង្ហាញរូបភាព 2436 X 1125 pixel ដង់ស៉ីតេអេក្រង់ 458  (ខ្ពស់ជាង iPhone 8, 8 Plus បន្តិច )។

៤ មុខងារ Animoji ឬអាចហៅបានថា emoji ដែលមានចលនានៅលើ iPhone X

ជាមួយនឹងមុខងារនេះយើងអាចផ្ញើរូប emoji ដែលមានទឹកមុខដែលយើងចង់បាន ទៅកាន់នរណាម្នាក់ជាលក្ខណៈ emoji ធម្មតា ឬ emoji ដែលមានចលនា រួមជាមួយនឹង emoji ដែលមានចលនានិងសំឡេងរបស់យើងផងដែរ តាមរយៈកម្មវិធី iMessage។ ហើយទឹកមុខ ឬ ការចលនាទាំងនោះគឺកើតចេញពីមុខរបស់យើងផ្ទាល់ ដែលមានន័យថាយើងធ្វើទឹកមុខសើច emoji ដែលយើងបានរើសនោះនឹងប្ដូរទៅជាសើច ហើយបើយើង Recode ជាចលនាវានឹងធ្វើចលនាទៅតាមមុខរបស់យើងបង្កើតបានជា emoji មានចលនា ឬ បើយើងនិយាយវានឹងស្រូបសំឡេងរបស់យើងផងដែរ។

៥ មុខងារដោះសោរដោយប្រើផ្ទៃមុខ Face ID

ការដោះសោរដោយប្រើផ្ទៃមុខជាបច្ចេកវិទ្យាថ្មីសម្រាប់ iPhone របស់ Apple ដែលបច្ចេកវិទ្យានេះបំពាក់តែនៅលើ iPhone X ប៉ុណ្ណោះពីព្រោះតែវាគ្មាន  Touch ID ។ បច្ចេកវិទ្យានេះត្រូវបាន Apple ហៅថា Face ID ជាមួយនឹងមុខងារនេះ វាកាន់តែធ្វើឲ្យកាន់ដោះសោរកាន់តែមានភាពងាយស្រួល និងរហ័ស ចំណែកឯការប្រើប្រាស់ Apple Pay ក៏កាន់តែមានសុវត្ថិភាព ងាយស្រួល និងរហ័សផងដែរ ។

៦ មុខងារ AR (Augmented Reality)

 

ទស្សនាវីដេអូបង្ហាញពី iPhone 8 និង 8Plus ៖

ទស្សនាវីដេអូបង្ហាញពី iPhone X ៖

ជាចុងក្រោយ បើទោះបីជា Apple ស៊េរីថ្មីនេះមិនបាននាំនូវបច្ចេកវិទ្យាថ្មីប្លែកៗច្រើនក៏ពិតមែន តែបើសិនជាឲ្យខ្ញ៉ំរើសយកទូរសព្ទកម្រិតខ្ពស់ស៊េរីចុងក្រោយដូចជា Note 8, S8 , V30 , P10, P10 Plus និង iPhone 8 Plus ឬ iPhone X ខ្ញ៉ំប្រាកដជាជ្រើសរើសយក iPhone X ជាជម្រើសទី ១ និង iPhone 8 Plus ជាជម្រើសទី ២ ពីព្រោះតែវាមាននូវមុខងារដែលក្រុមហ៊ុនដទៃមាន (ខ្វះខាតតែមួយចំនួនប៉ុណ្ណោះ) ហើយខ្ញ៉ំនៅតែពេញចិត្តនឹង iOS ដែលមានភាពងាយស្រួលជាង Android នេះគ្រាន់តែជាទស្សនៈរបស់ខ្ញ៉ំប៉ុណ្ណោះ ចំពោះអ្នកដែលចូលចិត្ត Android ប្រហែលគិតផ្ទុយពីនេះ ៕