ប្រទេសចិនគឺជាប្រទេសដ៏អស្ចារ្យមួយ និងជាប្រទេសដែលមានអរិយធម៌វ័យចំណាស់មួយនៅលើពិភពលោកផងដែរ។ ក្នុងរយៈពេល៥០ឆ្នាំនៃកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ប្រទេសចិន បានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក ហើយក៏មានការរំពឹងថាប្រទេសនេះនឹងឈានទៅដណ្តើមតំណែងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើពិភពលោកពីសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗផងដែរ។

ដោយសារសេដ្ឋកិច្ចដ៏រឹងមាំ និងការរីកចម្រើនផ្នែកយោធា ធ្វើឲ្យប្រទេសចិនកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានការជឿថា ប្រទេសនេះនឹងក្លាយជាមហាអំណាចធំបំផុតលើពិភពលោក។ ប៉ុន្តែយ៉ាងណាក៏ដោយ មានបញ្ហាជាច្រើនដែលធ្វើឲ្យចិននឹងមិនអាចក្លាយជាមហាអំណាចធំបំផុតលើពិភពលោកក្នុងពេលឆាប់ៗនេះទេ ទាល់តែបញ្ហាទាំងនេះត្រូវបានដោះស្រាយ។

១០  បញ្ហាការបំពុលបរិយាកាស

ប្រទេសចិនមាបបញ្ហាការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រទេសនេះមានកំណើនឧស្សាហកម្មយ៉ាងលឿន។ ខុសប្លែកពីប្រទេសផ្សេង ប្រទេសចិនសាងសង់រោងចក្រដោយមិនសូវបានព្រួយបារម្ភពីផលវិបាកខាងបរិស្ថានក្នុងរយៈពេលវែងនោះទេ។ នៅក្នុងតំបន់ដែលមានការបំពុលខ្លាំង ការដកដង្ហើមគឺស្មើនឹងការជក់បារី៤០ដើមក្នុងមួយថ្ងៃ។  ស្ទើរតែពាក់កណ្តាលនៃប្រជាជនទាំងមូលរស់នៅក្នុងតំបន់រងការបំពុល ដែលនេះនាំមកនូវបញ្ហាសុខភាពសាធារណៈសម្រាប់ប្រទេសមួយនេះ។

៩  បញ្ហាចំនួនប្រជាជនច្រើនលើសលប់

នៅខែកញ្ញា ឆ្នាំ២០១៧ ប្រជាជនចិនមានចំនួនដល់ទៅ១.៣ពាន់លាននាក់ គឺប្រហែល២០ភាគរយនៃប្រជាជនលើពិភពលោកទាំងមូល ខណៈដែលផ្ទៃដីប្រទេសនេះស្ថិតនៅក្នុងលំដាប់ទី៤នៃប្រទេសមានផ្ទៃដីធំបំផុតលើពិភពលោក។ ចំនួនប្រជាជនដ៏ច្រើនលើសលប់នេះ បានដាក់សម្ពាធដល់ធនធានធម្មជាតិ ជាពិសេសនៅពេលកម្រិតជីវភាពរស់នៅកាន់តែខ្ពស់ នោះតម្រូវការធនធានក៏កាន់តែកើនឡើងដែរ។ ដូចនេះហើយ ប្រទេសចិនហាក់បីដូចជានឹងត្រូវពឹងផ្អែកលើធនធានបរទេសដើម្បីបំពេញតម្រូវការរបស់ខ្លួន។

៨  បញ្ហាប្រជាសាស្រ្ត

គោលនយោបាយកូនមួយជាច្រើនទសវត្សមកនេះ បានធ្វើឲ្យប្រទេសចិនសម្បូរមនុស្សចាស់ច្រើនជាងមនុស្សក្មេង ហើយបើទោះបីជាគោលនយោបាយនេះត្រូវបានដកចេញនៅឆ្នាំ២០១៦ក៏ដោយ​ ក៏ប្តីប្រពន្ធជាច្រើននៅតែចង់បានកូនតែមួយ ឬមិនចង់មានតែម្តង។ តាមអង្គការសហប្រជាជាតិ នៅឆ្នាំ២០៥០ ប្រទេសចិននឹងមានប្រជាជន៤៤ភាគរយជាមនុស្សចាស់ចូលនិវត្តន៍។

៧  បញ្ហាការបែងចែកភោគទ្រព្យ

ទោះបីជាប្រទេសចិនមានកំណើនគួរឲ្យចាប់អារម្មណ៍ក៏ដោយ ក៏ប៉ុន្តែប្រជាជនមួយចំនួនធំនៅបន្តរស់នៅក្នុងភាពក្រីក្រ។ នៅមានប្រជាជនជាច្រើនលាននាក់រស់នៅដោយគ្មានអគ្គិសនី និងទឹកផឹកសមស្រប។ ប្រទេសចិននៅត្រូវការពេលជាច្រើនទៀតនិងការវិនិយោគជាច្រើន ដើម្បីឲ្យប្រជាជនទាំងមូលរបស់ខ្លួនអាចមានជីវភាពខ្ពស់ដូចស្តង់ដារប្រជាជននៅក្នុងប្រទេសអភិវឌ្ឍផ្សេងទៀត។

៦  បញ្ហាប្រាក់ឈ្នួលកើនឡើង

ប្រជាជនថ្នាក់កណ្តាលនៅប្រទេសចិនកំពុងមានការកើនឡើងខ្លាំង ហើយប្រជាជនទាំងនេះក៏រំពឹងប្រាក់ឈ្នួលដែលប្រសើរជាងមុនដែរ ដែលជាវិបាកគឺផលិតផលក៏ឡើងថ្លៃផងដែរ។ ប្រទេសមួយចំនួនដូចជាជប៉ុននិងកូរ៉េនាំចេញនូវផលិតផលជាច្រើនក្នុងតម្លៃថ្លៃ ដើម្បីយកមកទប់ជាមួយនិងកំណើនប្រាក់ឈ្នួលក្នុងប្រទេស ហើយតម្រូវការផលិតផលរបស់ប្រទេសនេះនៅតែខ្ពស់ ព្រោះតែគុណភាពនៃផលិតផល។​ ចំណែកផលិតផលនាំចេញរបស់ចិនភាគច្រើនគឺមានតម្លៃថោក ព្រោះតែគុណភាពរបស់ផលិតផលទាំងនោះ។ ម្យ៉ាងទៀត ដោយសារប្រាក់ឈ្នួលក្នុងប្រទេសកើនឡើងនោះថ្លៃផលិតកម្មកើនឡើង ធ្វើឲ្យក្រុមហ៊ុនជាច្រើនចេញទៅបរទេសរកទីតាំងប្រទេសណាដែលមានប្រាក់ឈ្នួលទាបដើម្បីផលិត។

៥  បញ្ហាភាពតានតឹងក្នុងតំបន់

មានតំបន់ជាច្រើន(ដូចជាទីបេ និងហុងកុង)ក្នុងប្រទេសចិន ដែលកំពុងទាមទារនូវស្វ័យភាព ដែលធ្វើឲ្យប្រទេសនេះត្រូវចំណាយធនធានជាច្រើនដើម្បីធានាពីស្ថិរភាពនយោបាយនៅក្នុងប្រទេសខ្លួន។

៤  បញ្ហាអន្តោប្រវេសន៍

ប្រជាជនមានសេរីភាពក្នុងការធ្វើអន្តោប្រវេសន៍ចេញពីប្រទេសរបស់ខ្លួន អោយតែគេមិនលុយ។ នេះជាបញ្ហាមួយសម្រាប់ប្រទេសនេះ ដោយសារតែពេលថ្មីៗនេះមានការរាយការណ៍ថា អ្នកមានជនជាតិចិនប្រមាណ៥០ភាគរយ កំពុងពិចារណាចាកចេញពីប្រទេសនេះ ដើម្បីទៅរស់នៅប្រទេសផ្សេងដូចជាអាមេរិក អូស្រ្តាលី និងកាណាដា។ ការណ៍នេះនឹងធ្វើឲ្យប្រទេសបាត់បង់នូវចំណូលពន្ធ និងការវិនិយោគផ្សេងៗ។

៣. បញ្ហាសហគ្រាសរដ្ឋ

ទោះបីមានឧស្សាហកម្មឯកជនកើនឡើងក៏ដោយ ក៏ភាគច្រើននៃសេដ្ឋកិច្ចចិនគឺត្រូវបានគ្រប់គ្រងដោយរដ្ឋ ពោលគឺប្រមាណ៣០ភាគរយនៃទ្រព្យសម្បត្តិសរុបក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម គឺជាកម្មសិទ្ធរដ្ឋ។ ការណ៍នេះអាចនាំមកនូវបញ្ហាពុករលួយ និងអប្រសិទ្ធភាព។

២. បញ្ហាកំណែទម្រង់

ប្រទេសចិនជាប្រទេសកុម្មុយនីស្ត ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនេះគឺអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី​ ដែលការណ៍នេះនាំមកនូវបញ្ហាប្រឈមក្នុងស្រុកខ្លះសម្រាប់ប្រទេសនេះ។

១  បញ្ហាយោធា

ទោះបីប្រទេសចិនបានវិនិយោគជាច្រើនទៅក្នុងវិស័យយោធារបស់ខ្លួនក៏ដោយ ក៏វិស័យយោធារបស់ប្រទេសនេះនៅតែនៅពីក្រោយប្រទេសដែលមានអំណាចខាងយោធាភាគច្រើននៅលើពិភពលោក លើផ្នែកគ្រឿងបរិក្ខារយោធា និងការហ្វឹកហាត់។ ក្នុងការធ្វើវិស័យយោធារបស់ខ្លួនខ្លាំងក្លា ប្រទេសចិនក៏ជួបនូវបញ្ហាជាច្រើនផងដែរដូចជា អំពើពុករលួយ កង្វះការប្រកួតប្រជែង ការពន្យារពេល បញ្ហាពង្រឹងគុណភាព ភាពមានតែមួយគត់ក្នុងវិស័យការពារ និងកង្វះបទពិសោធន៍ក្នុងការប្រយុទ្ធជាដើម។

ប្រភព៖ Listverse

Loading...
SHARE