ជាទូទៅ យើងសុទ្ធតែដឹងហើយថាការក្រោកពីព្រលឹមហាត់ប្រាណគឺជារឿងដ៏ល្អនិងមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះទាំងរាងកាយនិងសុខភាព។ប៉ុន្តែមានមនុស្សមិនច្រើនទេដែលអាចធ្វើវាបាន ហើយមានអ្នកខ្លះទៀតពួកគាត់សម្រេចចិត្តហាត់ប្រាណនៅពេលល្ងាចទៅវិញ។អ្នកជំនាញបានលើកឡើងថា មិនថាពេលណាសុទ្ធតែជាពេលសមស្របសម្រាប់ការហាត់ប្រាណ ប៉ុន្តែពេលដែលល្អបំផុតគឺជាពេលព្រឹក។ការក្រោកហាត់ប្រាណពេលព្រឹកអាចផ្តល់ផលប្រយោជន៍ឲ្យអ្នកដូចជា៖

១. ស្រកទម្ងន់

អ្នកស្រាវជ្រាវជនជាតិជប៉ុនម្នាក់បានលើកឡើងថា ការហាត់ប្រាណនៅពេលព្រឹកអាចជួយរំលាយជាតិខ្លាញ់នៅក្នុងខ្លួនយើងបានយ៉ាងមានប្រសិទ្ធភាព។

២. បង្កើតមិត្តភក្តិ

អ្នកស្រាវជ្រាវជនជាតិស្កុតលែនម្នាក់បានរកឃើញថា ការមានមិត្តភក្តិឬដៃគូហាត់ប្រាណជាមួយគ្នា អាចបង្កើនការហាត់ប្រាណរបស់អ្នកបន្ថែមទៀត។មិនតែប៉ុណ្ណោះ ពួកគេអាចបង្កើតជាក្រុមមួយដែលកាន់តែមានភាពស្និទ្ធស្នាល ហើយមានដៃគូខ្លះឈានទៅដល់រៀបការជាមួយគ្នាទៀត។

៣. ទទួលបានបទពិសោធន៍ធម្មជាតិ

នៅពេលដែលអ្នកក្រោកពីព្រលឹម អ្នកនឹងទទួលបានរូបភាពបែបធម្មជាតិថ្មីមួយដែលអ្នកមិនធ្លាប់ឃើញ ហើយវាធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយបន្ថែមទៀត។

៤. កាត់បន្ថយការវល់របស់អ្នក

សម្រាប់មនុស្សមួយចំនួន មួយថ្ងៃៗគាត់មានកាងារច្រើនណាស់ដើម្បីបំពេញ។ដូច្នេះ ការក្រោកពីព្រឹកនិងហាត់ប្រាណអាចជួយឲ្យគាត់ធ្វើរឿងមួយឲ្យសម្រេចឲ្យហើយមុនពេលដែលទៅធ្វើកាងារផ្សេងទៀត។

៥. ជួយឲ្យយើងមានអារម្មណ៍ល្អ ស្ងប់ស្ងាត់ និងល្អប្រសើរ

ការហាត់ប្រាណជួយកាត់បន្ថយកម្រិតស្រ្តេសរបស់អ្នកហើយជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាជាងមុន។សុខភាពផ្លូវចិត្តជារឿងចំបងដែលយើងត្រូវថែទាំ មុនពេលដែលយើងត្រូវរ៉ាប់រងកាងារផ្សេងៗទៀត។

៦. មិនក្តៅពេក មិនត្រជាក់ពេក

ដូចដែលយើងដឹងហើយថា នៅក្នុងរដូវក្តៅ សីតុណ្ហភាពនៅខាងក្រៅក្តៅណាស់ ហើយនៅក្នុងរដូវរងាវិញគឺផ្ទៃមេឃមិនសូវជាភ្លឺប៉ុន្មានទេ។អ្នកជំនាញណែនាំឲ្យធ្វើលំហាត់ប្រាណពេលព្រឹក ព្រោះវាជាពេលដ៏ល្អបំផុតដោយសារតែវាមិនក្តៅមិនត្រជាក់។

៧. បង្កើតទម្លាប់ល្អ

បើតាមការស្រាវជ្រាវ មនុស្សយើងម្នាក់ៗអាចបង្កើតទម្លាប់មួយចាប់ពីពីរខែឡើងទៅ។នៅពេលដែលភ្ញាក់ពីគេងរហ័ស យូរៗទៅអ្នកនឹងទម្លាប់ភ្ញាក់ពីព្រឹក។

៨.​ ជម្រុញអ្នកដទៃឲ្យធ្វើលំនាំតាម

នៅពេលអ្នកចេញទៅហាត់ប្រាណ អ្នកអាចបង្ហោះរូបតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូច្នេះ​វាអាចជាឥទ្ធិពលល្អមួយសម្រាប់អ្នកដទៃ។ពីព្រោះដូចដែលដឹងស្រាប់ហើយថា ប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលខ្លាំងមែនទែន។

៩. ចាប់ផ្តើមជាមួយនឹងថ្ងៃថ្មីដែលស្រស់ស្រាយ

តើអ្នកធ្លាប់គេងជ្រុលរហូតដល់ថ្ងៃទេ? ហើយនៅពេលដែលអ្នកក្រោកមក តើមានអារម្មណ៍ល្អទេ? ការក្រោកពីគេងយូរពេក ហើយមិនធ្វើលំហាត់ប្រាណសោះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សខ្ជិលច្រអូសហើយមិនសូវសកម្មទេ។

SHARE