បើទោះជាស្មាតហ្វូនដែលចេញលក់នាពេលបច្ចុប្បន្នបានបំពាក់មកជាមួយនឹងថាមពលថ្មកាន់តែធំនិងបច្ចេកវិទ្យាសាកថ្មបានរហ័សយ៉ាងណាក្ដី ក៏បញ្ហាថ្មនៅតែប្រឈមជាបញ្ហាសំខាន់ក្នុងការប្រើប្រាស់ស្មាតហ្វូនដដែល។បច្ចេកវិទ្យាសាកថ្មបានរហ័សមានភាគច្រើនតែនៅលើស្មាតហ្វូនដែលទើបនឹងចេញលក់និងម៉ូដែលលំដាប់កំពូលប៉ុណ្ណោះ។សម្រាប់ម៉ូដែលធម្មតានិងចេញកាលពី១ឆ្នាំ ២ឆ្នាំមុនមិនមាននោះឡើយ។

ម៉្យាងវិញទៀតបើទោះជាស្មាតហ្វូនរបស់អ្នកមានថាមពលថ្មធំដែលអាចបំរើការបានយូរយ៉ាងណាក្ដី វាក៏អាចនឹងឆាប់ខូចឬលែងកាន់ថ្មប្រសិនបើយើងធ្វើការប្រើប្រាស់វាមិនត្រឹមត្រូវ។ដូច្នេះហើយចង់ដឹងនឹងណែនាំជូននូវគន្លឹះខ្លះៗដែលធ្វើអោយអ្នកមានទម្លាប់ល្អក្នុងការថែទាំថ្មទូរស័ព្ទអោយបានកាន់បានយូរ បើទោះជាប្រើយូរក៏ដោយ៖

១.កុំបន្តដោតចោលនៅពេលវាពេញ៖ នៅពេលថាមពលថ្មពេញដល់១០០ភាគរយហើយ ការបន្តដោតចោលក្រៅពីខ្ជះខ្ជាយថ្លៃអគ្គីសនីហើយ វាក៏ផ្ដល់ស្រ្តសដល់ថ្មបន្ថែមទៀតដែលធ្វើអោយវាឆាប់ខូចផងដែរ។វាដូចជាយើងបើកទឹកចូលដបអញ្ចឹង នៅពេលពេញដបហើយ យើងមិនអាចទទួលលើសពីសមត្ថភាពផ្ទុករបស់វាបានទេ មានតែផ្ដល់សម្ពាធអោយវាថែម។

២.កុំប្រើពេលវាឡើងក្ដៅ៖ កម្មវិធីមួយចំនួនក្នុងទូរស័ព្ទធ្វើអោយស្មាតហ្វូនរបស់អ្នកឆាប់ក្ដៅខ្លាំង ប្រើសិនបើវាឡើងក្ដៅបែបនេះសូមកុំបន្ដប្រើវាទៀត។បើរឹតតែប្រសើរអ្នកគួរដោះស្រោមវាចេញផង ដើម្បីអោយកម្ដៅឆាប់ចុះត្រជាក់បានលឿនព្រោះថាកម្ដៅវាធ្វើអោយថ្មឆាប់ប៉ោងខូច។

៣.កុំសាកវាដល់១០០ភាគរយរហូត ប្រសិនបើយើងសាកវាញឹក៖ ដោយសារតែចង់ប្រើប្រាស់បានយូរយើងតែងតែសាកអោយដល់១០០ភាគរយ ប៉ុន្តែការធ្វើបែបនេះយូរទៅវានឹងធ្វើអោយថ្មឆាប់ខូច ជាពិសេសអ្នកសាកថ្មញឹក១ថ្ងៃ២ដងជាដើម។

៤.សាកនៅពេលវាមិនទាន់ធ្លាក់ដល់១០ភាគរយ៖ ប្រសិនបើអ្នកប្រើiPhoneនៅពេលថ្មក្រោម២០ភាគរយវានឹងលោតសញ្ញាអោយយើងដឹងភ្លាម។ដូច្នេះអ្នកគួរតែសាកវាមុនពេលនេះ។

សរុបមកនេះជាគន្លឹះខ្លះៗដែលយើងដកស្រង់ចេញមកដើម្បីធ្វើការថែទាំថ្មស្មាតហ្វូនរបស់អ្នកទាំងអស់គ្នា។តាមបទពិសោធន៍ផ្ទាល់ខ្លួនអ្នកទាំងអស់គ្នាមិនគួរប្រើវានៅពេលកំពុងសាកនោះទេ បើសិនជាអាចជៀសបានព្រោះវាធ្វើអោយទូរស័ព្ទឆាប់ឡើងកម្ដៅនិងខូច។

Loading...
SHARE