នៅលើពិភពលោកនេះមានអគារខ្ពស់ៗជាច្រើនដែលត្រូវបានគេបោះបង់ចោល ឬគ្មានមនុស្សចូលទៅរស់នៅប្រើប្រាស់ ដោយសារតែអគារទាំងនោះបាត់បង់សារៈប្រយោជន៍ ឬក៏មានគ្រោះថ្នាក់ខ្លាំងពេល​ចូលទៅក្នុងអគារទាំងនោះ។ ពេលខ្លះទៀត អគារនោះគេសាងសង់មិនបានចប់សព្វគ្រប់ ហើយក៏ត្រូវបានគេបោះបង់ចោលលែងសាងសង់បន្តទៀត។ ខាងក្រោមនេះ ជាអគារខ្ពស់ៗទាំង១០ជុំវិញពិភពលោកដែលត្រូវបានគេបោះបង់ចោល។

10. អគារSterick នៅក្រុងMemphis រដ្ឋTennessee សហរដ្ឋអាមេរិក

អគារនេះបានសាងសង់រួចរាល់នៅឆ្នាំ១៩៣០ ហើយពេលនោះវាជាអគារខ្ពស់បំផុតនៅសហរដ្ឋអាមេរិកភាគខាងត្បូង។ វាត្រូវបានទុកឲ្យទំនេរនៅទសវត្សឆ្នាំ១៩៨០ ហើយបន្តទុកចោលមកដល់បច្ចុប្បន្ន ទោះបីមានការចាប់អារម្មណ៍ស្ថាបនាអគារនេះឡើងវិញក៏ដោយ ដែលក្នុងនោះបញ្ហាបរិស្ថាន និងច្បាប់ធ្វើឲ្យមានការលំបាកក្នុងការស្ថាបនាវាឡើងវិញ។

9. អគារCentro Financiero Confinanzas ទីក្រុង Caracas ប្រទេសVenezuela

អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩០ ដោយវិនិយោគិនDavid Brillembourg ប៉ុន្តែនៅឆ្នាំ១៩៩៣វិនិយោគិននេះបានស្លាប់ ហើយនៅឆ្នាំ១៩៩៤ វិបត្តិធនាគារកើតមានក្នុងប្រទេស ទើបជំរុញឲ្យរដ្ឋាភិបាលគ្រប់គ្រងលើគម្រោងអគារនេះ។ ចាប់ពីពេលនោះមក ការសាងសង់អគារនេះក៏ត្រូវជាប់គាំង។ អគារនេះមិនមានប្រព័ន្ធទឹក អគ្គិសនី បង្អួច និងជញ្ជាំងត្រង់កន្លែងខ្លះ ដូចនេះហើយវាមិនអាចរស់នៅបានទេ។

8. អគារInsignia Tower ទីក្រុងម៉ិចស៊ីកូ ប្រទេសម៉ិចស៊ីកូ

អគារនេះត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ១៩៦២ និងសម្ពោធនៅឆ្នាំ១៩៦៤។ ប៉ុន្តែចាប់ពីឆ្នាំ១៩៨៥ វាត្រូវបានទុកឲ្យទំនេរចោលដោយសារតែគ្រោះរញ្ជួយដី ទោះបីមានការប៉ុនប៉ងផ្លាស់ប្តូរទ្រង់ទ្រាយអគារនេះឡើងវិញក៏ដោយ។

7. អគារPlaza Tower ទីក្រុងNew Orleans រដ្ឋLouisiana 

អគារកម្ពស់៤៥ជាន់នេះ បានបញ្ចប់ការសាងសង់នៅឆ្នាំ១៩៦៨ ហើយត្រូវបានប្រើប្រាស់ជាអគារការិយាល័យ។ ប៉ុន្តែក្រោយមកមានបញ្ហាពាក់ព័ន្ធនឹងអគារដូចជាការដុះផ្សិត និងរូបធាតុមិនឆេះ ទើបធ្វើឲ្យអគារនេះត្រូវបានគេទុកចោលនៅឆ្នាំ២០០២ និងលក់ឡាយឡុងនៅឆ្នាំ២០១១។

6. អគារBook Tower ទីក្រុងDetroit រដ្ឋMichigan

នៅឆ្នាំ១៩១៦ អគារឈ្មោះ Book Building កំពស់១៣ជាន់បានបើកដំណើរការនៅទីក្រុង Detroit ហើយ១០ឆ្នាំក្រោយមក​ អគារកំពស់៣៨ជាន់ត្រូវបានសាងសង់ភ្ជាប់ទៅនឹងអគារនេះ ហើយវាក៏ត្រូវបានដូរឈ្មោះជា Book Tower។ ប៉ុន្តែចាប់ពីទសវត្សឆ្នាំ១៩៧០ ទីក្រុងនេះជួបបញ្ហាដោយការិយាល័យធ្វើការ និងអាជីវកម្មជាច្រើនចាកចេញពីទីក្រុង ហើយបញ្ហាហិរញ្ញវត្ថុធ្វើឲ្យអគារនេះត្រូវផ្លាស់ប្តូរម្ចាស់ជាច្រើនដង។ នៅឆ្នាំ២០០៩ អ្នកជួលអគារនេះចុងក្រោយក៏បានចាកចេញ ធ្វើឲ្យអគារនេះត្រូវទុកចោល។

5. អគារAbraham Lincoln Tower ទីក្រុងRio de Janeiro ប្រទេសប្រេស៊ីល

វាជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ដ៏ធំក្នុងទសវត្សឆ្នាំ១៩៦០ ប៉ុន្តែការសាងសង់អគារនេះបានជាប់គាំងនៅឆ្នាំ១៩៧២ ដោយសារការព្រួយបារម្ភពីបញ្ហាភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធអគារ។

4. អគារFontainebleau Resort ទីក្រុងLas Vegas រដ្ឋNevada

អគារកម្ពស់២២០ម៉ែត្រនេះចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៧ ប៉ុន្តែត្រូវជាប់គាំងដោយសារបញ្ហារវាងធនាគារដែលផ្តល់កម្ចី និងក្រុមហ៊ុន Fontainebleau។

3. អគារBurj Al Murr ទីក្រុងBeirut ប្រទេសLebanon

អគារនេះត្រូវបានសាងសង់ឡើងសម្រាប់ជាការិយាល័យធ្វើការ និងមជ្ឈមណ្ឌលទិញទំនិញ ប៉ុន្តែការសាងសង់ត្រូវបានបញ្ឈប់នៅឆ្នាំ១៩៧៥ ស្របគ្នានឹងការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលក្នុងប្រទេសនេះ។ បន្ទាប់ពីសង្រ្គាមបញ្ចប់ អគារនេះរងការខូចខាតខ្លាំងដែលមិនសមស្របនឹងការអភិវឌ្ឍន៍ឡើងវិញ។

2. អគារSathorn Unique ទីក្រុងបាងកក ប្រទេសថៃ

អគារកំពស់៤៩ជាន់ចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩០ ប៉ុន្តែនៅពេលមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ធ្វើឲ្យខ្វះខាតនូវមូលនិធិហើយនាំឲ្យការសាងសង់ត្រូវជាប់គាំង។ បច្ចុប្បន្នអគារនេះត្រូវបានគេស្គាល់ថាជាអគារខ្មោច ហើយក៏មិនមានគម្រោងបញ្ចប់ការសាងសង់ដែរ។

  1. អគារ Ryugyong Hotel ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង

អគារនេះចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៨៧ ប្រសិនបើអគារនេះត្រូវបានសាងសង់រួចតាមកាលបរិច្ឆេទនោះ វានឹងក្លាយជាសណ្ឋាគារខ្ពស់ជាងគេបំផុតក្នុងពិភពលោកដែលមានកំពស់ជាង១០០ជាន់។ ប៉ុន្តែបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត និងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ការសាងសង់សណ្ឋាគារនេះក៏ត្រូវជាប់គាំងនៅឆ្នាំ១៩៩២។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនអេហ្ស៊ីបមួយបានទទួលយកគម្រោងនេះហើយបំពាក់កញ្ចក់តុបតែងផ្នែកខាងក្រៅ។ ប៉ុន្តែការតុបតែងផ្នែកខាងក្នុងមិនអាចបញ្ចប់ទេ រហូតដល់មានការជាប់គាំងបន្តទៀត។ នៅឆ្នាំ២០១៣ មានការប្រកាសពីការបើកសណ្ឋាគារនេះ ប៉ុន្តែត្រូវលុបចោលវិញព្រោះការតុបតែងខាងក្នុងមិនអាចរួចរាល់។

ប្រភព៖ Listverse

Loading...
SHARE